ព្រះត្រៃបិដក ភាគ ៧០
[១៣៣] ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើន ដោយអាការប៉ុន្មានយ៉ាង ការចម្រើននៃឥន្ទ្រិយ ទាំង ៥ ដោយអាការប៉ុន្មានយ៉ាង។
ឥន្ទ្រិយទាំង ៥ បុគ្គលចម្រើន ដោយអាការ ១០ យ៉ាង ការចម្រើននៃឥន្ទ្រិយទាំង ៥ ក៏ដោយអាការ ១០ យ៉ាងដែរ គឺបុគ្គលកាលលះនូវអស្សទ្ធិយៈ (ការណ៍មិនគួរជឿ) ឈ្មោះថាចម្រើនសទ្ធិន្ទ្រិយ ១ កាលចម្រើននូវសទ្ធិន្ទ្រិយ ឈ្មោះថាលះអស្សទិ្ធយៈ ១ កាលលះនូវសេចក្ដីខ្ជិលច្រអូស ឈ្មោះថាចម្រើនវីរិយិន្ទ្រិយ ១ កាលចម្រើនវីរិយិន្ទ្រិយ ឈ្មោះថាលះសេចក្ដីខ្ជិលច្រអូស ១ កាលលះនូវសេចក្ដីប្រមាទ ឈ្មោះថាចម្រើនសតិន្ទ្រិយ ១ កាលចម្រើនសតិន្ទ្រិយ ឈ្មោះថាលះសេចក្ដីប្រមាទ ១ កាលលះនូវសេចក្ដីរាយមាយ ឈ្មោះថាចម្រើនសមាធិន្ទ្រិយ ១ កាលចម្រើនសមាធិន្ទ្រិយ ឈ្មោះថាលះ សេចក្ដីរាយមាយ ១ កាលលះអវិជ្ជា ឈ្មោះថាចម្រើនបញ្ញិន្ទ្រិយ ១ កាលចម្រើនបញ្ញិន្ទ្រិយ ឈ្មោះថាលះអវិជ្ជា ១ នេះឯង ឥន្ទ្រិយទាំង ៥ ដែលបុគ្គលចម្រើនដោយអាការ ១០ យ៉ាង នេះឯង ការចម្រើននៃឥន្ទ្រិយទាំង ៥ ដោយអាការ ១០ យ៉ាង។
ID: 637362316826932360
ទៅកាន់ទំព័រ៖