ព្រះត្រៃបិដក ភាគ ៧០
បុគ្គល ៨ ពួក កំពុងមានការអប់រំឥន្ទ្រិយ តើដូចម្ដេចខ្លះ។ សេក្ខបុគ្គល ៧ ;និងកល្យាណបុថុជ្ជន ១ បុគ្គលទាំង ៨ ពួកនេះ កំពុងមានការអប់រំឥន្ទ្រិយ។ បុគ្គល ៣ ពួក (មានឥន្ទ្រិយអប់រំហើយ) តើដូចម្ដេចខ្លះ។ សាវ័ករបស់ព្រះតថាគត ជាព្រះខីណាស្រព មាននាមថាពុទ្ធៈ ដោយអំណាចលោកជាអ្នកមានឥន្ទ្រិយអប់រំហើយ ឈ្មោះថាមានឥន្ទ្រិយអប់រំហើយ ១ ព្រះបច្ចេកពុទ្ធ ដោយអត្ថថាត្រាស់ដឹងឯង ឈ្មោះថាមានឥន្ទ្រិយអប់រំហើយ ១ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ដោយអត្ថថាមានគុណរាប់មិនបាន ឈ្មោះថាមានឥន្ទ្រិយអប់រំហើយ ១ នេះឯង បុគ្គល ៣ ពួក ដែលមានឥន្ទ្រិយអប់រំហើយ បុគ្គល ៨ ពួកនេះ កំពុងមានការអប់រំឥន្ទ្រិយ បុគ្គល ៣ ពួកនេះ មានឥន្ទ្រិយអប់រំហើយ ដូចពោលមកនេះឯង។
សាវត្ថីនិទាន
[១៣៧] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ យ៉ាង ឥន្ទ្រិយ ៥ យ៉ាង តើអ្វីខ្លះ។ សទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់តាមពិតនូវការកើតឡើងផង នូវសេចក្ដីវិនាសផង នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង របស់ឥន្ទ្រិយទាំង ៥ នេះទេ
ID: 637362333077700223
ទៅកាន់ទំព័រ៖