ព្រះត្រៃបិដក ភាគ ៧០

 ឥន្ទ្រិយ​ទាំង ៥ នេះ បុគ្គល​គប្បី​ឃើញ ដោយ​អាការ​ប៉ុន្មាន។ ឥន្ទ្រិយ​ទាំង ៥ នេះ បុគ្គល​គប្បី​ឃើញ ដោយ​អាការ ៦។ ឥន្ទ្រិយ​ទាំង ៥ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​ដូចម្ដេច។ ឥន្ទ្រិយ​ទាំង ៥ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ជា​អធិបតី​ ដោយ​អត្ថ​ថា​ជម្រះ ក្នុង​ខាងដើម ដោយ​អត្ថ​ថា​ក្រៃលែង ដោយ​អត្ថ​ថា​អធិដ្ឋាន​ ដោយ​អត្ថ​ថា​ការ​គ្រប​សង្កត់ ដោយ​អត្ថ​ថា​តម្កល់​ស៊ប់។
 [១៦០​] ឥន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​ជា​អធិបតី តើ​ដូចម្ដេច​ខ្លះ។ កាល​បុគ្គល​លះបង់​សេចក្ដី​មិន​ជឿ សទ្ធិន្ទ្រិយ​ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​មានការ​ជឿស៊ប់​ជា​អធិបតី ១(១) ដោយអំណាច​នៃ​សទ្ធិន្ទ្រិយ វីរិយិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ផ្គង​ឡើង ១ សតិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ប្រុងប្រយ័ត្ន ១ សមា​ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​មិន​រាយមាយ ១ បញ្ញិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ឃើញ ១ កាល​បុគ្គល​លះបង់​នូវ​កោសជ្ជៈ​ (សេចក្ដី​ខ្ជិល​) វីរិយិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​មានការ​ផ្គង​ឡើងជា​អធិបតី ១ ដោយអំណាច​នៃ​វីរិយិ​ន្ទ្រិយ សតិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ប្រុងប្រយ័ត្ន ១ សមា​ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​មិន​រាយមាយ ១ បញ្ញិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​ឃើញ ១
(១) ក្នុង​ធម៌​នេះ​ គ្មាន​ប្រាប់​ចំនួន​ថា​ប៉ុន្មាន​ៗទេ តែ​ដែល​ដាក់លេខ ១ គ្រប់​សង្កាត់​មកនេះ​ ដើម្បីឲ្យ​ងាយ​យល់​ប៉ុណ្ណោះ។
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 637363066362907066
ទៅកាន់ទំព័រ៖