ព្រះត្រៃបិដក ភាគ ៧០

 [២៣​] បុគ្គល​ពិចារណា​ឃើញ​ខ្លួន ថា​មាន​ក្នុង​រូប​ តើ​ដូចម្ដេច។ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ ពិចារណា​ឃើញ​វេទនា សញ្ញា សង្ខារ និង​វិញ្ញាណ​ ថា​ជា​ខ្លួន បុគ្គល​នោះ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា នេះឯង​ជា​ខ្លួន​របស់​អញ តែខ្លួន​របស់​អញ​នោះ​ឯង​ (មាន​) ក្នុង​រូប​នេះ ឈ្មោះថា​ពិចារណា​ឃើញ​ខ្លួន ថា​មាន​ក្នុង​រូប ប្រៀប​ដូច​កែវមណី​ដែលគេ​ដាក់​ក្នុង​ដប​ បុរស​គប្បី​ពោល​ចំពោះ​កែវមណី​នោះ​យ៉ាងនេះ​ថា នេះ​កែវមណី នេះ​ដប កែវមណី​ដោយឡែក ដប​ដោយឡែក​ តែ​កែវមណី​នោះ​ឯង​មាន​ក្នុង​ដប​នេះ ឈ្មោះថា​ពិនិត្យ​ឃើញ​កែវមណី​ថា​មាន​ក្នុង​ដប មាន​ឧបមា​ដូចម្ដេច​មិញ​ មាន​ឧបមេយ្យ​ដូចជា​បុគ្គល​ខ្លះ​ក្នុង​លោក​នេះ ពិចារណា​ឃើញ​វេទនា សញ្ញា សង្ខារ និង​វិញ្ញាណ​ថា​ជា​ខ្លួន​ បុគ្គល​នោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា នេះឯង​ជា​ខ្លួន​របស់​អញ តែខ្លួន​របស់​អញ​នោះ​ឯង​ (មាន​) ក្នុង​រូប​នេះ ឈ្មោះថា​ពិចារណា​ឃើញ​ខ្លួន ថា​មាន​ក្នុង​រូប ការ​ប្រកាន់​ស្អិត និង​ការ​ស្ទាបអង្អែល​ ឈ្មោះថា​ទិដ្ឋិ ទិដ្ឋិ​មិនមែន​វត្ថុ វត្ថុ​ក៏​មិនមែន​ទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុ​ដោយឡែក​ ទិដ្ឋិ​ណា និង​វត្ថុ​ណា នេះ​ឈ្មោះថា អត្តា​នុ​ទិដ្ឋិ ជា​រូប​វត្ថុ​កៈ​ទី ៤ អត្តា​នុ​ទិដ្ឋិ​ជា​មិច្ឆាទិដ្ឋិ​ ជា​ទិដ្ឋិ​វិបត្តិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ បុគ្គល​ពិចារណា​ឃើញ​ខ្លួន ថា​មាន​ក្នុង​រូប​ យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 637362094903216117
ទៅកាន់ទំព័រ៖