ព្រះត្រៃបិដក ភាគ ៧០
កាមាសវៈ រមែងអស់ ឥតមានសេសសល់ ភវាសវៈ ដែលតាំងនៅក្នុងទីមួយជាមួយនឹងកាមាសវៈនោះ រមែងអស់ អវិជ្ជាសវៈ ដែលតាំងនៅក្នុងទីមួយជាមួយគ្នានឹងភវាសវៈនោះ រមែងអស់ ដោយអនាគាមិមគ្គ អាសវៈទាំងឡាយនុ៎ះ រមែងអស់ ក្នុងធម៌នុ៎ះឯង។ ភវាសវៈ រមែងអស់ ឥតមានសេសសល់ អវិជ្ជាសវៈ រមែងអស់ ឥតមានសេសសល់ ដោយអរហត្តមគ្គ អាសវៈទាំងឡាយនុ៎ះ រមែងអស់ ក្នុងធម៌នុ៎ះឯង។
ធម្មជាតតិចតួចក្នុងលោកនេះ ដែលព្រះតថាគតនោះ មិនបានឃើញហើយ មិនដឹងហើយ មិនគប្បីដឹង មិនមានឡើយ ធម្មជាតណា ដែលព្រះតថាគតគប្បីដឹង ព្រះតថាគតបានដឹងធម្មជាតនោះទាំងអស់ហើយ ហេតុនោះ ទើបព្រះតថាគតឈ្មោះថា សមន្តចក្ខុ។
សំនួរត្រង់ពាក្យថា សមន្តចក្ខុ តើសមន្តចក្ខុ ដោយអត្ថថា ដូចម្ដេច។ ពុទ្ធញ្ញាណ ១៤ គឺសេចក្ដីដឹងក្នុងទុក្ខ ឈ្មោះថាពុទ្ធញ្ញាណ ១ សេចក្ដីដឹងក្នុងទុក្ខសមុទ័យ ឈ្មោះថាពុទ្ធញ្ញាណ ១។បេ។ សេចក្ដីដឹងសព្វឥតចន្លោះ ឈ្មោះថាពុទ្ធញ្ញាណ ១ សេចក្ដីដឹងឥតមានអ្វីរារាំង ឈ្មោះថាពុទ្ធញ្ញាណ ១ នេះ ពុទ្ធញ្ញាណ ១៤ បណ្ដាពុទ្ធញ្ញាណ ១៤ នេះ ញាណ ៨ ទួទៅដល់សាវ័ក ញាណ ៦ មិនទួទៅដល់សាវ័កទាំងឡាយទេ។
ID: 637363207013503440
ទៅកាន់ទំព័រ៖