ព្រះត្រៃបិដក ភាគ ៧០
អាហារ។ លោក ២ គឺនាម ១ រូប ១។ លោក ៣ គឺវេទនា ៣។ លោក ៤ គឺអាហារ ៤។ លោក ៥ គឺឧបាទានក្ខន្ធទាំង ៥។ លោក ៦ គឺអាយតនៈខាងក្នុងទាំង ៦។ លោក ៧ គឺវិញ្ញាណដ្ឋិតិ ៧។ លោក ៨ គឺលោកធម៌ ៨។ លោក ៩ គឺសត្តាវាសៈ ៩។ លោក ១០ គឺអាយតនៈ ១០។ លោក ១២ គឺអាយតនៈ ១២។ លោក ១៨ គឺធាតុ ១៨។
ពាក្យថា ទោស គឺកិលេសទាំងអស់ ឈ្មោះថាទោស (ទោសដែលបុគ្គលគួរវៀរ) ទុច្ចរិតទាំងអស់ ឈ្មោះថាទោស អភិសង្ខារទាំងអស់ ឈ្មោះថាទោស ភវគាមិកម្ម (កម្មដែលនាំសត្វកាន់ភព) ទាំងអស់ ឈ្មោះថាទោស ព្រោះហេតុនោះ សេចក្ដីសម្គាល់ ក្នុងលោកនេះ និងក្នុងទោសនេះ ថាជាភ័យ យ៉ាងខ្លាំងក្លា រមែងតាំងឡើងប្រាកដ ដូចជាពេជ្ឈឃាត ដែលយារដាវឡើង (ប្រុងប្រហារ) ព្រះតថាគតទ្រង់ជ្រាប ឃើញ ត្រាស់ដឹង ចាក់ធ្លុះនូវឥន្ទ្រិយ ៥ នេះ ដោយអាការ ៥០ នេះឯង។
ចប់ តតិយភាណវរៈ។
ចប់ ឥន្ទ្រិយកថា។
ID: 637363211685661879
ទៅកាន់ទំព័រ៖