ព្រះត្រៃបិដក ភាគ ៧០
សេចក្ដីដឹងតាមពិត ជាគ្រឿងពិចារណាឃើញថាមិនទៀង ក្នុងរូប ផុតស្រឡះចាកសេចក្ដីវង្វេង ចាកសេចក្ដីមិនដឹងថាទៀង ហេតុនោះ ឈ្មោះថាញាណវិមោក្ខ។បេ។ សេចក្ដីដឹងតាមពិត ជាគ្រឿងពិចារណាឃើញថាសូន្យ ក្នុងរូប ផុតស្រឡះចាកសេចក្ដីវង្វេង ចាកសេចក្ដីមិនដឹងថាគួរប្រកាន់ស្អិត ហេតុនោះ ឈ្មោះថាញាណវិមោក្ខ យ៉ាងនេះឯង ញាណវិមោក្ខ ១ បែកចេញជាញាណវិមោក្ខ ១០ ញាណវិមោក្ខ ១០ រួមមកជាញាណវិមោក្ខ ១ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។ សេចក្ដីដឹងតាមពិតជាគ្រឿងពិចារណាឃើញថាមិនទៀង ក្នុងវេទនា។បេ។ ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ផុតស្រឡះចាកសេចក្ដីវង្វេង ចាកសេចក្ដីមិនដឹងថាទៀង ហេតុនោះ ឈ្មោះថាញាណវិមោក្ខ។បេ។ សេចក្ដីដឹងតាមពិតជាគ្រឿងពិចារណាឃើញថាសូន្យ ក្នុងជរាមរណៈ ផុតស្រឡះចាកសេចក្ដីវង្វេង ចាកសេចក្ដីមិនដឹងថាគួរប្រកាន់មាំ ហេតុនោះ ឈ្មោះថាញាណវិមោក្ខ យ៉ាងនេះឯង ញាណវិមោក្ខ ១ បែកចេញជាញាណវិមោក្ខ ១០ ញាណវិមោក្ខ ១០ រួមមកជាញាណវិមោក្ខ ១ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន នេះញាណវិមោក្ខ។
ID: 637363224728731813
ទៅកាន់ទំព័រ៖