ព្រះត្រៃបិដក ភាគ ៧០

តែ​ក្លិន​នោះ​ឯង​ក៏​មាន​ក្នុង​ផ្កា​នេះ​ ឈ្មោះថា​ពិចារណា​ឃើញ​ក្លិន​ថា​មាន​ក្នុង​ផ្កា មាន​ឧបមា​ដូចម្ដេច​មិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គល​ខ្លះ​ ក្នុង​លោក​នេះ ពិចារណា​ឃើញ​សញ្ញា សង្ខារ វិញ្ញាណ និង​រូប​ថា​ជា​ខ្លួន បុគ្គល​នោះ​ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា នេះឯង​ជា​ខ្លួន​របស់​អញ ឯវេទនា​នេះ (ក៏​មាន​) ក្នុង​ខ្លួននេះ​ដែរ​ ឈ្មោះថា ពិចារណា​ឃើញ​វេទនា​ថា​មាន​ក្នុង​ខ្លួន ការ​ប្រកាន់​ស្អិត និង​ការ​ស្ទាបអង្អែល​ ឈ្មោះថា ទិដ្ឋិ ទិដ្ឋិ​មិនមែន​វត្ថុ ទាំង​វត្ថុ​ក៏​មិនមែន​ទិដ្ឋិ។បេ។ នេះ​ឈ្មោះថា អត្តា​នុ​ទិដ្ឋិ​ ជា​វេទនា​វត្ថុ​កៈ​ទី ៣ អត្តា​នុ​ទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ ជា​ទិដ្ឋិ​វិបត្តិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ​ បុគ្គល​ពិចារណា​ឃើញ​វេទនា ថា​មាន​ក្នុង​ខ្លួន យ៉ាងនេះ​ឯង។
 [២៧​] បុគ្គល​ពិចារណា​ឃើញ​ខ្លួន ថា​មាន​ក្នុង​វេទនា​ តើ​ដូចម្ដេច។ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ ពិចារណា​ឃើញ​សញ្ញា សង្ខារ វិញ្ញាណ និង​រូប ថា​ជា​ខ្លួន​ បុគ្គល​នោះ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា នេះឯង​ជា​ខ្លួន​របស់​អញ តែខ្លួន​របស់​អញ​នោះ​ឯង​ (មាន​) ក្នុង​វេទនា​នេះ ឈ្មោះថា​ពិចារណា​ឃើញ​ខ្លួន ថា​មាន​ក្នុង​វេទនា ប្រៀប​ដូច។បេ។
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 637362096255734999
ទៅកាន់ទំព័រ៖