ព្រះត្រៃបិដក ភាគ ៧០
ឈ្មោះថាពិចារណាឃើញកែវមណី ថាមានក្នុងដប មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសញ្ញា សង្ខារ វិញ្ញាណ និងរូប ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ តែខ្លួនរបស់អញនោះឯង (មាន) ក្នុងវេទនានេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានក្នុងវេទនា ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ ទាំងវត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាវេទនាវត្ថុកៈទី ៤ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញខ្លួន ថាមានក្នុងវេទនា យ៉ាងនេះឯង។
[២៨] បុគ្គលពិចារណាឃើញសញ្ញា ថាជាខ្លួន តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសញ្ញាដែលកើតអំពីចក្ខុសម្ផ័ស្ស សញ្ញាដែលកើតអំពីសោតសម្ផ័ស្ស សញ្ញាដែលកើតអំពីឃានសម្ផ័ស្ស សញ្ញាដែលកើតអំពីជិវ្ហាសម្ផ័ស្ស សញ្ញាដែលកើតអំពីកាយសម្ផ័ស្ស សញ្ញាដែលកើតអំពីមនោសម្ផ័ស្សថាជាខ្លួន ថាសញ្ញាណាដែលកើតអំពីមនោសម្ផ័ស្ស
ID: 637362096560461992
ទៅកាន់ទំព័រ៖