ព្រះត្រៃបិដក ភាគ ៧០
សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតិនោះគឺសញ្ញាដែលកើតអំពីមនោសម្ផ័ស្ស ឈ្មោះថាពិចារណាឃើញនូវសញ្ញាដែលកើតអំពីមនោសម្ផ័ស្សផង នូវខ្លួនផង ថាមិនមែនពីរ ប្រៀបដូចប្រទីបប្រេងដែលឆេះឡើង មានអណ្ដាតភ្លើងណា សភាពនោះក៏គឺរស្មី សភាពណាជារស្មី ធម្មជាតិនោះក៏គឺអណ្ដាតភ្លើង ឈ្មោះថាពិចារណាឃើញអណ្ដាតភ្លើង និងរស្មី ថាមិនមែនពីរ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញនូវសញ្ញាដែលកើតអំពីមនោសម្ផ័ស្ស ថាជាខ្លួន ថាសញ្ញាណាដែលកើតអំពីមនោសម្ផ័ស្ស សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតិនោះគឺសញ្ញាដែលកើតអំពីមនោសម្ផ័ស្ស ឈ្មោះថាពិចារណាឃើញសញ្ញាដែលកើតអំពីមនោសម្ផ័ស្សផង នូវខ្លួនផង ថាមិនមែនពីរ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ ទាំងវត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាសញ្ញាវត្ថុកៈទី ១ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញសញ្ញាថាជាខ្លួន យ៉ាងនេះឯង។
ID: 637362096825808851
ទៅកាន់ទំព័រ៖