ព្រះត្រៃបិដក ភាគ ៧០
[២០១] កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង សទ្ធិន្ទ្រិយជាគុណជាត ដ៏ក្រៃលែង ព្រះយោគាវចរ បាននូវសោតាបត្តិមគ្គ ព្រោះមានសទ្ធិន្ទ្រិយដ៏ក្រៃលែង ហេតុ នោះ ព្រះយោគាវចរនោះ លោកហៅថា សទ្ធានុសារីបុគ្គល ឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាម សទ្ធិន្ទ្រិយដ៏ក្រៃលែងនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ ការអប់រំនូវឥន្ទ្រិយទាំង ៤ រមែងមាន ដោយអំណាចនៃសទ្ធិន្ទ្រិយ ព្រោះថា ព្រះយោគាវចរទាំងឡាយណា បាននូវសោតាបត្តិមគ្គ ដោយអំណាចសទ្ធិន្ទ្រិយ ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថាសទ្ធានុសារីបុគ្គល កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង សទ្ធិន្ទ្រិយជាគុណជាតដ៏ក្រៃលែង ឯសោតាបត្តិផល ជាផលគឺ ព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះមានសទ្ធិន្ទ្រិយដ៏ក្រៃលែង ហេតុនោះ លោកហៅថា សទ្ធាធិមុត្តបុគ្គល ឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមសទ្ធិន្ទ្រិយដ៏ក្រៃលែងនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ ឥន្ទ្រិយ ៤ ជាឥន្ទ្រិយគឺព្រះយោគាវចរនោះបានអប់រំ អប់រំប្រពៃហើយ ដោយអំណាចនៃសទ្ធិន្ទ្រិយ
ID: 637363234897372581
ទៅកាន់ទំព័រ៖