ព្រះត្រៃបិដក ភាគ ៧០

មួយទៀត​ ព្រះ​យោគាវចរ​ទាំងឡាយ​ណាមួយ បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល​ ដោយអំណាច​នៃ​សទ្ធិន្ទ្រិយ ព្រះ​យោគាវចរ​ទាំងអស់​នោះ ឈ្មោះថា​សទ្ធាធិមុត្ត​បុគ្គល​ កាល​ព្រះ​យោគាវចរ ធ្វើ​ទុក​ក្នុងចិត្ត ថា​មិន​ទៀង សទ្ធិន្ទ្រិយ​ជា​គុណជាត​ដ៏​ក្រៃលែង​ ព្រះ​យោគាវចរ បាន​ចំពោះ​នូវ​សកទាគាមិមគ្គ ព្រោះ​មាន​សទ្ធិន្ទ្រិយ​ដ៏​ក្រៃលែង។បេ។ សកទាគាមិផល ជា​ផល​គឺ​ព្រះ​យោគាវចរ​នោះ បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ព្រះ​យោគាវចរ បាន​ចំពោះ​នូវ​អនាគាមិមគ្គ​ ឯអនាគាមិផល ជា​ផល​គឺ​ព្រះ​យោគាវចរ​នោះ បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ព្រះ​យោគាវចរ​បាន​ចំពោះ​នូវ​អរហត្តមគ្គ​ ឯអរហត្តផល ជា​ផល​គឺ​ព្រះ​យោគាវចរ​នោះ បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ហេតុ​នោះ ព្រះ​យោគាវចរ​នោះ លោក​ហៅថា​ សទ្ធាធិមុត្ត​បុគ្គល ឥន្ទ្រិយ ៤ ប្រព្រឹត្តទៅ​តាម​សទ្ធិន្ទ្រិយ​ដ៏​ក្រៃលែង​នោះ។បេ។ ជា​សម្បយុត្ត​ប្ប​ច្ច័​យ ឥន្ទ្រិយ ៤ ជា​ឥន្ទ្រិយ​គឺ​ព្រះ​យោគាវចរ​នោះ​បាន​អប់រំ អប់រំ​ប្រពៃ​ហើយ​ ដោយអំណាច​នៃ​សទ្ធិន្ទ្រិយ ព្រះ​យោគាវចរ​ទាំងឡាយ​ណា បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត​ ដោយអំណាច​នៃ​សទ្ធិន្ទ្រិយ ព្រះ​យោគាវចរ​ទាំងអស់​នោះ ឈ្មោះថា​សទ្ធាធិមុត្ត​បុគ្គល។
ថយ | ទំព័រទី ៣៣៣ | បន្ទាប់
ID: 637363235184752959
ទៅកាន់ទំព័រ៖