ព្រះត្រៃបិដក ភាគ ៧០

 [២៩​] បុគ្គល​ពិចារណា​ឃើញ​ខ្លួន​ថា​មាន​សញ្ញា​ តើ​ដូចម្ដេច។ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ ពិចារណា​ឃើញ​សង្ខារ វិញ្ញាណ រូប និង​វេទនា​ថា​ជា​ខ្លួន​ បុគ្គល​នោះ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា នេះឯង​ខ្លួន​របស់​អញ តែខ្លួន​របស់​អញ​នោះ​ឯង​ មាន​សញ្ញា ព្រោះ​សញ្ញា​នេះ ឈ្មោះថា​ពិចារណា​ឃើញ​ខ្លួន ថា​មាន​សញ្ញា ប្រៀប​ដូចដើម​ឈើ​ដែល​បរិបូណ៌​ដោយ​ម្លប់​ បុរស​គប្បី​ពោល​ចំពោះ​ដើមឈើ​នោះ យ៉ាងនេះ​ថា នេះ​ដើមឈើ នេះ​ម្លប់ ដើមឈើ​ដោយឡែក​ ម្លប់​ដោយឡែក តែ​ដើមឈើ​នេះឯង​មាន​ម្លប់ ព្រោះ​ម្លប់​នេះ ឈ្មោះថា​ពិចារណា​ឃើញ​ដើមឈើ​ ថា​មាន​ម្លប់ មាន​ឧបមា​ដូចម្ដេច​មិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ ពិចារណា​ឃើញ​សង្ខារ វិញ្ញាណ រូប និង​វេទនា​ថា​ជា​ខ្លួន បុគ្គល​នោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ នេះឯង​ជា​ខ្លួន​របស់​អញ តែខ្លួន​របស់​អញ​នោះ​ឯង​មាន​សញ្ញា ព្រោះ​សញ្ញា​នេះ ឈ្មោះថា​ពិចារណា​ឃើញ​ខ្លួន​ ថា​មាន​សញ្ញា ការ​ប្រកាន់​ស្អិត និង​ការ​ស្ទាបអង្អែល ឈ្មោះថា​ទិដ្ឋិ ទិដ្ឋិ​មិនមែន​វត្ថុ​ ទាំង​វត្ថុ​ក៏​មិនមែន​ទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុ​ដោយឡែក ទិដ្ឋិ​ណា និង​វត្ថុ​ណា​ នេះ​ឈ្មោះថា អត្តា​នុ​ទិដ្ឋិ ជា​សញ្ញា​វត្ថុ​កៈ​ទី ២ អត្តា​នុ​ទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 637362097104126143
ទៅកាន់ទំព័រ៖