ព្រះត្រៃបិដក ភាគ ៧០

 [២០៨​] កាល​ព្រះ​យោគាវចរ​ ធ្វើ​ទុក​ក្នុងចិត្ត ថា​មិន​ទៀង សង្ខារ​ទាំងឡាយ ប្រាកដ​ឡើង​ដូចម្ដេច កាល​ធ្វើ​ទុក​ក្នុងចិត្ត​ ថា​ជា​ទុក្ខ សង្ខារ​ទាំងឡាយ​ប្រាកដ​ឡើង​ដូចម្ដេច កាល​ធ្វើ​ទុក​ក្នុងចិត្ត ថា​មិនមែន​ខ្លួន​ សង្ខារ​ទាំងឡាយ ប្រាកដ​ឡើង​ដូចម្ដេច។ កាល​ព្រះ​យោគាវចរ​ធ្វើ​ទុក​ក្នុងចិត្ត ថា​មិន​ទៀង​ សង្ខារ​ទាំងឡាយ ប្រាកដ​ឡើង​ថា​អស់​ទៅ កាល​ធ្វើ​ទុក​ក្នុងចិត្ត ថា​ជា​ទុក្ខ​ សង្ខារ​ទាំងឡាយ​ប្រាកដ​ឡើង ថា​ជា​ភ័យ កាល​ធ្វើ​ទុក​ក្នុងចិត្ត ថា​មិនមែន​ខ្លួន​ សង្ខារ​ទាំងឡាយ ប្រាកដ​ឡើង​ថា​សូន្យ។
 កាល​ព្រះ​យោគាវចរ ធ្វើ​ទុក​ក្នុងចិត្ត ថា​មិន​ទៀង ចិត្តច្រើន​ដោយ​អ្វី​ កាល​លោក ធ្វើ​ទុក​ក្នុងចិត្ត ថា​ជា​ទុក្ខ ចិត្តច្រើន​ដោយ​អ្វី កាល​លោក​ធ្វើ​ទុក​ក្នុងចិត្ត​ ថា​មិនមែន​ខ្លួន ចិត្តច្រើន​ដោយ​អ្វី។ កាល​ព្រះ​យោគាវចរ ធ្វើ​ទុក​ក្នុងចិត្ត ថា​មិន​ទៀង​ ចិត្តច្រើន​ដោយ អធិមោក្ខ (សេចក្ដី​ជឿស៊ប់​) កាល​លោក​ធ្វើ​ទុក​ក្នុងចិត្ត ថា​ជា​ទុក្ខ​ ចិត្ត​ច្រើ​នដោយបស្ស​ទ្ធិ (សេចក្ដី​ស្ងប់​) កាល​លោក​ធ្វើ​ទុក​ក្នុងចិត្ត ថា​មិនមែន​ខ្លួន​ ចិត្តច្រើន​ដោយ​វេទៈ​(១)
(១) វេទៈ សំដៅយក​ញាណ​ក្នុង​មគ្គ​ ៤។ អដ្ឋកថា។
ថយ | ទំព័រទី ៣៤៤ | បន្ទាប់
ID: 637363844077024068
ទៅកាន់ទំព័រ៖