ព្រះត្រៃបិដក ភាគ ៧០
ការត្រាស់ដឹងដោយការធ្វើឲ្យជាក់ច្បាស់នូវនិរោធ ១ នេះឯង ការត្រាស់ដឹងនូវសច្ចៈ ដោយអាការ ៩ យ៉ាង នេះឯង យោគាវចរ កាលត្រាស់ដឹងនូវសច្ចៈ ដោយអាការ ៩ យ៉ាង ដែលឈ្មោះថាសទ្ធាធិមុត្ត ដោយអំណាចនៃអនិមិត្តវិមោក្ខ ឈ្មោះថាកាយសក្ខិ ដោយអំណាចនៃអប្បណិហិតវិមោក្ខ ឈ្មោះថាទិដ្ឋិប្បត្តៈ ដោយអំណាចនៃសុញ្ញតវិមោក្ខ។
[២១៤] យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនទៀង រមែងដឹង ឃើញ តាមពិត នូវធម៌ទាំងឡាយ តើដូចម្ដេច ការឃើញប្រពៃ តើដូចម្ដេច សង្ខារទាំងពួង ដែលយោគាវចរ ឃើញប្រពៃហើយ ថាមិនទៀង ព្រោះអាស្រ័យនូវការឃើញប្រពៃនោះ តើដូចម្ដេច សេចក្ដីងឿងឆ្ងល់ក្នុងធម៌ ដូចម្ដេច ដែលយោគាវចរ លះបង់បាន។
យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ រមែងដឹង ឃើញ តាមពិត នូវធម៌ទាំងឡាយ តើដូចម្ដេច ការឃើញប្រពៃ តើដូចម្ដេច សង្ខារទាំងពួង ដែលយោគាវចរឃើញប្រពៃហើយ ថាជាទុក្ខ ព្រោះអាស្រ័យនូវការឃើញប្រពៃនោះ តើដូចម្ដេច សេចក្ដីងឿងឆ្ងល់ក្នុងធម៌ ដូចម្ដេច ដែលយោគាវចរ លះបង់បាន។
ID: 637363849383638549
ទៅកាន់ទំព័រ៖