ព្រះត្រៃបិដក ភាគ ៧០
យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន រមែងដឹង ឃើញ តាមពិត នូវធម៌ទាំងឡាយ តើដូចម្ដេច ការឃើញប្រពៃ តើដូចម្ដេច ធម៌ទាំងពួង ដែលយោគាវចរឃើញប្រពៃហើយ ថាមិនមែនខ្លួន ព្រោះអាស្រ័យនូវការឃើញប្រពៃនោះ តើដូចម្ដេច សេចក្ដីងឿងឆ្ងល់ក្នុងធម៌ ដូចម្ដេច ដែលយោគាវចរ លះបង់បាន។
យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាមិនទៀង រមែងដឹង ឃើញ តាមពិតនូវនិមិត្ត ព្រោះតែហេតុនោះ លោកទើបហៅថា ការឃើញប្រពៃ កាលបើយ៉ាងនេះ សង្ខារទាំងពួង ឈ្មោះថាយោគាវចរឃើញប្រពៃហើយ ថាមិនទៀង ព្រោះអាស្រ័យនូវការឃើញប្រពៃនោះ ទាំងសេចក្ដីងឿងឆ្ងល់ក្នុងសង្ខារទាំងនុ៎ះ ក៏លោកលះបង់បាន។
យោគាវចរ កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ រមែងដឹង ឃើញ តាមពិតនូវបវត្តៈ (ការប្រព្រឹត្តទៅ) ព្រោះតែហេតុនោះ លោកទើបហៅថា ការឃើញប្រពៃ កាលបើយ៉ាងនេះ សង្ខារទាំងពួង ឈ្មោះថាយោគាវចរឃើញប្រពៃហើយ ថាជាទុក្ខ ព្រោះអាស្រ័យនូវការឃើញប្រពៃនោះ ទាំងសេចក្ដីងឿងឆ្ងល់ក្នុងសង្ខារទាំងនុ៎ះ ក៏លោកលះបង់បាន។
ID: 637363849803848370
ទៅកាន់ទំព័រ៖