ព្រះត្រៃបិដក ភាគ ៧០
កាលយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង តើចិត្តចេញចាកអ្វី ចិត្តស្ទុះទៅក្នុងអ្វី កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ តើចិត្តចេញចាកអ្វី ចិត្តស្ទុះទៅក្នុងអ្វី កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន តើចិត្តចេញចាកអ្វី ចិត្តស្ទុះទៅក្នុងអ្វី។ កាលយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ចិត្តចេញចាកនិមិត្ត ចិត្តស្ទុះទៅក្នុងអនិមិត្ត កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ចិត្តចេញចាកបវត្តៈ ចិត្តស្ទុះទៅក្នុងអប្បវត្តៈ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ចិត្ត ចេញចាកនិមិត្តផង ចេញចាកបវត្តៈផង ចិត្តស្ទុះទៅក្នុងអនិមិត្តផង ក្នុងអប្បវត្តៈ គឺនិរោធនិព្វានធាតុផង។
បញ្ញាក្នុងការងាកចេញ បែរចេញ ចាកសង្ខារនិមិត្តខាងក្រៅឯណាក្ដី គោត្រភូធម៌ ទាំងឡាយឯណាក្ដី តើធម៌ទាំងនេះ មានសេចក្ដីផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផងឬ ឬក៏មានសេចក្ដីជាមួយគ្នា តែព្យញ្ជនៈផ្សេងគ្នា។ បញ្ញា ក្នុងការងាកចេញ បែរចេញ ចាកសង្ខារនិមិត្តខាងក្រៅឯណាក្ដី គោត្រភូធម៌ទាំងឡាយឯណាក្ដី ធម៌ទាំងនេះ មាន សេចក្ដីជាមួយគ្នា តែព្យញ្ជនៈផ្សេងគ្នា។
ID: 637363851707216147
ទៅកាន់ទំព័រ៖