ព្រះត្រៃបិដក ភាគ ៧០

 យោគាវចរ កាល​ធ្វើ​ទុក​ក្នុងចិត្ត ថា​មិន​ទៀង រមែង​រួច (ចាក​កិលេស​) ដោយ វិមោក្ខ​អ្វី កាល​ធ្វើ​ទុក​ក្នុងចិត្ត ថា​ជា​ទុក្ខ រមែង​រួច (ចាក​កិលេស​) ដោយ​វិមោក្ខ​អ្វី កាល ធ្វើ​ទុក​ក្នុងចិត្ត ថា​មិនមែន​ខ្លួន រមែង​រួច (ចាក​កិលេស​) ដោយ​វិមោក្ខ​អ្វី។ យោគាវចរ កាល​ធ្វើ​ទុក​ក្នុងចិត្ត ថា​មិន​ទៀង រមែង​រួច (ចាក​កិលេស​) ដោយ​អនិមិត្ត​វិមោក្ខ កាល​ធ្វើ​ទុក​ក្នុងចិត្ត ថា​ជា​ទុក្ខ រមែង​រួច (ចាក​កិលេស​) ដោយ​អប្ប​ណិ​ហិត​វិមោក្ខ កាល​ធ្វើ​ទុក​ក្នុងចិត្ត ថា​មិនមែន​ខ្លួន រមែង​រួច (ចាក​កិលេស​) ដោយ​សុញ្ញ​តវិមោក្ខ។
 បញ្ញា​ក្នុង​ការ​ងាក​ចេញ បែរចេញ ចាក​ហេតុ​ទាំងពីរ​ណា​ក្ដី​(១) ការ​ដឹង​ក្នុង​មគ្គ​ណា​ក្ដី តើ​ធម៌​ទាំងនេះ មាន​សេចក្ដី​ផ្សេងគ្នា​ផង​ មាន​ព្យញ្ជនៈ​ផ្សេងគ្នា​ផង​ឬ ឬក៏​មាន​សេចក្ដី​ជាមួយគ្នា តែ​ព្យញ្ជនៈ​ផ្សេងគ្នា។ បញ្ញា​ក្នុង​ការ​ងាក​ចេញ បែរចេញ ចាក​ហេតុ​ទាំងពីរ​ណា​ក្ដី ការ​ដឹង​ក្នុង​មគ្គ​ណា​ក្ដី​ ធម៌​ទាំងនេះ មាន​សេចក្ដី​ជាមួយគ្នា តែ​ព្យញ្ជនៈ​ផ្សេងគ្នា។
(១) បញ្ញា​ជ្រាប​ច្បាស់​ក្នុង​ការ​ងាក​ចេញ​ បែរចេញ ចាក​កិលេស និង​ខន្ធ ដែល​ប្រព្រឹត្តទៅ​តាម​កិលេស​នោះ ព្រោះ​ផ្តាច់​បង់​នូវ​កិលេស ១ ចាក​សង្ខារ​និមិត្ត​ជា​ខាងក្រៅ ព្រោះ​ធ្វើ​ព្រះនិព្វាន​ជា​អារម្មណ៍ ១ ឈ្មោះថា​ ឧភតោ​វុ​ដ្ឋាន​វិ​វដ្ត​នប្បញ្ញា បាន​ដល់​មគ្គ​ញាណ។ អដ្ឋកថា។
ថយ | ទំព័រទី ៣៦២ | បន្ទាប់
ID: 637363852173213120
ទៅកាន់ទំព័រ៖