ព្រះត្រៃបិដក ភាគ ៧០
[២១៧] វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា តើដោយអាការប៉ុន្មានយ៉ាង វិមោក្ខទាំង ៣ មានក្នុងខណៈជាមួយគ្នា តើដោយអាការប៉ុន្មានយ៉ាង។ វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា ដោយអាការ ៤ យ៉ាង វិមោក្ខទាំង ៣ មានក្នុងខណៈជាមួយគ្នា ដោយអាការ ៧ យ៉ាង។
វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា ដោយអាការ ៤ យ៉ាង តើអ្វីខ្លះ គឺដោយអត្ថថាជាអធិបតី ១ ដោយអត្ថថាអធិដ្ឋាន ១ ដោយអត្ថថាបង្អោន ១ ដោយអត្ថថាចេញទៅ ១។
វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា ដោយអត្ថថាជាអធិបតី តើដូចម្ដេច។ កាលយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង មានអនិមិត្តវិមោក្ខ ជាអធិបតី កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ មានអប្បណិហិតវិមោក្ខ ជាអធិបតី កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន មានសុញ្ញតវិមោក្ខ ជាអធិបតី វិមោក្ខទាំង ៣ មានក្នុងខណៈផ្សេងគ្នា ដោយអត្ថថាជាអធិបតី យ៉ាងនេះឯង។
ID: 637363852591078860
ទៅកាន់ទំព័រ៖