ព្រះត្រៃបិដក ភាគ ៧០

បុគ្គល​នោះ​ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា នេះឯង​ខ្លួន​របស់​អញ តែខ្លួន​របស់​អញ​នេះឯង (មាន​) ក្នុង​សញ្ញា​នេះ ឈ្មោះថា​ពិចារណា​ឃើញ​ខ្លួន ថា​មាន​ក្នុង​សញ្ញា ការ​ប្រកាន់​ស្អិត និង​ការ​ស្ទាបអង្អែល​ ឈ្មោះថា​ទិដ្ឋិ ទិដ្ឋិ​មិនមែន​វត្ថុ វត្ថុ​ក៏​មិនមែន​ទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុ​ដោយឡែក​ ទិដ្ឋិ​ណា និង​វត្ថុ​ណា នេះ​ឈ្មោះថា អត្តា​នុ​ទិដ្ឋិ ជា​សញ្ញា​វត្ថុ​កៈ​ទី ៤ អត្តា​នុ​ទិដ្ឋិ​ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ បុគ្គល​ពិចារណា​ឃើញ​ខ្លួន ថា​មាន​ក្នុង​សញ្ញា​ យ៉ាងនេះ​ឯង។
 [៣២​] បុគ្គល​ពិចារណា​ឃើញ​សង្ខារ​ថា​ជា​ខ្លួន​ តើ​ដូចម្ដេច។ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ ពិចារណា​ឃើញ​ចេតនា​ដែល​កើតអំពី​ចក្ខុ​សម្ផ័​ស្ស​ ចេតនា​ដែល​កើតអំពី​សោ​តសម្ផ័​ស្ស ចេតនា​ដែល​កើតអំពី​ឃាន​សម្ផ័​ស្ស ចេតនា​ដែល​កើតអំពី​ជិវ្ហា​សម្ផ័​ស្ស​ ចេតនា​ដែល​កើតអំពី​កា​យស​ម្ផ័ស្ស ចេតនា​ដែល​កើតអំពី​មនោ​សម្ផ័​ស្ស ថា​ជា​ខ្លួន​ ថា​ធម្មជាតិ​ណា​ជា​ចេតនា​ដែល​កើតអំពី​មនោ​សម្ផ័​ស្ស សភាព​នោះ​គឺ​អញ សភាព​ណា​ជា​អញ ធម្មជាតិ​នោះ​គឺ​ចេតនា​ដែល​កើតអំពី​មនោ​សម្ផ័​ស្ស​ ឈ្មោះថា​ពិចារណា​ឃើញ​នូវ​ចេតនា​ដែល​កើតអំពី​មនោ​សម្ផ័​ស្ស​ផង នូវ​ខ្លួន​ផង ថា​មិនមែន​ពីរ​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 637362098028620875
ទៅកាន់ទំព័រ៖