ព្រះត្រៃបិដក ភាគ ៧០
សត្វទាំងឡាយ មានសេចក្ដីសំគាល់ថាទៀង ក្នុងវត្ថុដែលមិនទៀងផង មានសេចក្ដី សំគាល់ថាសុខ ក្នុងវត្ថុដែលជាទុក្ខផង មានសេចក្ដីសំគាល់ថាខ្លួន ក្នុងវត្ថុដែល មិនមែនខ្លួនផង មានសេចក្ដីសំគាល់ថាល្អ ក្នុងវត្ថុដែលមិនល្អផង ត្រូវមិច្ឆាទិដ្ឋិ កំចាត់បង់ហើយ មានចិត្តក្រឡក មានសេចក្ដីសំគាល់ខុស សត្វទាំងនោះ ឈ្មោះថា ប្រកបខ្លួនក្នុងកិលេសជាគ្រឿងប្រកបរបស់មារ មិនក្សេមក្សាន្តចាកយោគធម៌ ឡើយ តែងដល់នូវជាតិ និងមរណៈ រមែងអន្ទោលទៅកាន់សង្សារ លុះកាលណាព្រះពុទ្ធទាំងឡាយ ព្រះអង្គធ្វើនូវរស្មី ទ្រង់ត្រាស់ឡើងក្នុងលោក ព្រះអង្គទ្រង់ប្រកាសធម៌នេះ ជាធម៌ញ៉ាំងសត្វឲ្យដល់នូវឋានស្ងប់ទុក្ខ សត្វទាំងនោះ ប្រកបដោយប្រាជ្ញា បានស្ដាប់ធម៌របស់ព្រះពុទ្ធទាំងឡាយនោះ ទើបបានចំពោះនូវចិត្តរបស់ខ្លួន គឺបានឃើញនូវវត្ថុមិនទៀង ថាមិនទៀង បានឃើញនូវវត្ថុជាទុក្ខ ថាជាទុក្ខ បានឃើញនូវវត្ថុមិនមែនខ្លួន ថាមិនមែនខ្លួន បានឃើញនូវវត្ថុមិនល្អ ថាមិនល្អ ជាអ្នកប្រកាន់ត្រូវដោយសម្មាទិដ្ឋិ បានកន្លងនូវទុក្ខទាំងពួង។
ID: 637363892843243843
ទៅកាន់ទំព័រ៖