ព្រះត្រៃបិដក ភាគ ៧០
[៣៩] បុគ្គលពិចារណាឃើញខ្លួន ថាមានក្នុងវិញ្ញាណ តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញរូប វេទនា សញ្ញា សង្ខារ ថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង មានក្នុងវិញ្ញាណនេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានក្នុងវិញ្ញាណ ប្រៀបដូចកែវមណីដែលបុគ្គលដាក់ក្នុងដប បុរសគប្បីពោលចំពោះកែវមណីនុ៎ះ យ៉ាងនេះថា នេះកែវមណី នេះដប កែវមណីដោយឡែក ដបដោយឡែក តែកែវមណីនេះឯង មានក្នុងដបនេះ ឈ្មោះថាពិចារណាឃើញកែវមណី ថាមានក្នុងដប មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញរូប វេទនា សញ្ញា សង្ខារ ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង មានក្នុងវិញ្ញាណនេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានក្នុងវិញ្ញាណ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាវិញ្ញាណវត្ថុកៈទី ៤ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។
ID: 637362100927434116
ទៅកាន់ទំព័រ៖