ព្រះត្រៃបិដក ភាគ ៧០
ម្នាលភិក្ខុទាំងឡាយ ចុះពួកបុគ្គលអ្នកមានចក្ខុ តែងឃើញច្បាស់ តើដូចម្ដេច ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញនូវភូតរូប ថាជាភូតរូប លុះឃើញនូវភូតរូប ថាជាភូតរូបហើយ តែងជាអ្នកប្រតិបត្តិដើម្បីនឿយណាយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់នូវភូតរូប ម្នាលភិក្ខុទាំងឡាយ ពួកបុគ្គលអ្នកមានចក្ខុ តែងឃើញច្បាស់ យ៉ាងនេះឯង។
ភិក្ខុណា ឃើញនូវភូតរូប ថាជាភូតរូប ហើយប្រព្រឹត្តកន្លងនូវភូតរូប រមែងជឿស៊ប់ក្នុងការពិត ព្រោះការអស់ទៅនៃភវតណ្ហា ថាបើភិក្ខុនោះ បានកំណត់ដឹងនូវភូតរូបហើយ ទាំងជាអ្នកមានតណ្ហាទៅប្រាសហើយ ក្នុងរូបភព និងអរូបភព រមែងមិនបាននូវភពថ្មីទៀតទេ ព្រោះការមិនមានភូតរូប។
[៦៤] បុគ្គល ៣ ពួក មានទិដ្ឋិវិបត្តិ បុគ្គល ៣ ពួក បរិបូណ៌ដោយទិដ្ឋិ។ បុគ្គល ៣ ពួក មានទិដ្ឋិវិបត្តិ តើដូចម្ដេច។ ពួកតិរ្ថិយ ១ ពួកសាវ័កនៃតិរ្ថិយ ១ ពួកជនដែលជាមិច្ឆាទិដ្ឋិ ១ នេះបុគ្គល ៣ ពួកដែលមានទិដ្ឋិវិបត្តិ។
ID: 637362112784125942
ទៅកាន់ទំព័រ៖