ព្រះត្រៃបិដក ភាគ ៧០
            
        
        
            
            
                
                 បុគ្គល ៣ ពួក បរិបូណ៌ដោយទិដ្ឋិ តើដូចម្ដេច។ ព្រះតថាគត ១ សាវ័កនៃព្រះតថាគត ១ ពួកជនដែលជាសម្មាទិដ្ឋិ ១ នេះបុគ្គល ៣ ពួក ដែលបរិបូណ៌ដោយទិដ្ឋិ។
នរជនណា មានសេចក្ដីក្រោធផង ចងសេចក្ដីក្រោធទុកផង ជាសត្វលាមក លុបគុណគេផង មានទិដ្ឋិវិបត្តិផង មានពុតត្បុតផង បុគ្គលគប្បីដឹងនូវនរជននោះថា អ្នកទាំងនេះ ជាមនុស្សថោកទាប។ អ្នកប្រាជ្ញ មិនមានសេចក្ដីក្រោធ មិនចងសេចក្ដីក្រោធទុក មិនលុបគុណគេ ដល់នូវភាពជាអ្នកបរិសុទ្ធ មានទិដ្ឋិបរិបូណ៌ បុគ្គលគប្បីដឹងនូវអ្នកប្រាជ្ញនោះថា អ្នកនេះ ជាមនុស្សប្រសើរ។
 [៦៥] ទិដ្ឋិវិបត្តិ ៣ យ៉ាង ទិដ្ឋិសម្បត្តិ ៣ យ៉ាង។
 ទិដ្ឋិវិបត្តិ ៣ យ៉ាង តើដូចម្ដេចខ្លះ។ ការយល់ឃើញថា នុ៎ះជារបស់អញ ឈ្មោះថាទិដ្ឋិវិបត្តិ ការយល់ឃើញថា នុ៎ះជាអញ ឈ្មោះថាទិដ្ឋិវិបត្តិ ការយល់ឃើញថា នុ៎ះជាខ្លួនរបស់អញ ឈ្មោះថាទិដ្ឋិវិបត្តិ នេះឯង ទិដ្ឋិវិបត្តិ ៣ យ៉ាង។
            
 
            
         
        
            
                ID: 637362113261218575 
                
            
            
                ទៅកាន់ទំព័រ៖