ព្រះត្រៃបិដក ភាគ ៧០
ចិត្តដែលដល់នូវឯកត្តៈ ដោយឋានទាំង ៤ នេះ ឈ្មោះថាជាធម្មជាតជ្រះថ្លា ដោយបដិបទាវិសុទ្ធិផង ឈ្មោះថាការចម្រើនរឿយ ៗ នៃការសំឡឹងពិនិត្យផង ឈ្មោះថារីករាយដោយញាណផង។
[៧៩] បឋមជ្ឈាន មានអ្វីជាខាងដើម មានអ្វីជាកណ្ដាល មានអ្វីជាខាងចុង។ បឋមជ្ឈាន មានបដិបទាវិសុទ្ធិជាខាងដើម មានការចម្រើនរឿយ ៗ នៃការសំឡឹងពិនិត្យ ជាកណ្ដាល មានការរីករាយព្រមជាខាងចុង។
[៨០] បឋមជ្ឈាន មានបដិបទាវិសុទ្ធិ ជាខាងដើម តើបដិបទាវិសុទ្ធិ ជាខាងដើម មាន លក្ខណៈប៉ុន្មានយ៉ាង។ បដិបទាវិសុទ្ធិជាខាងដើម មានលក្ខណៈ ៣ យ៉ាងគឺ ធម៌ណា ជាសត្រូវនៃបឋមជ្ឈាននោះ ចិត្តរមែងបរិសុទ្ធចាកធម៌នោះ ចិត្តរមែងដើរឆ្ពោះទៅកាន់ សមថនិមិត្តជាកណ្ដាល ព្រោះសេចក្ដីស្អាត ចិត្តរមែងស្ទុះទៅក្នុងសមថនិមិត្តនោះ ព្រោះការដើរឆ្ពោះ គឺត្រង់ដែលចិត្តបរិសុទ្ធ ចាកធម៌ជាសត្រូវ ១ ត្រង់ដែលចិត្តដើរឆ្ពោះទៅកាន់សមថនិមិត្តជាកណ្ដាល ព្រោះសេចក្ដីស្អាត ១ ត្រង់ដែលចិត្តស្ទុះទៅក្នុងសមថនិមិត្តនោះ ព្រោះការដើរឆ្ពោះ ១ (ទាំង ៣ នេះ) ឈ្មោះថា បដិបទាវិសុទ្ធិ ជាខាងដើមរបស់បឋមជ្ឈាន នេះឯង លក្ខណៈ ៣ យ៉ាងរបស់បដិបទាវិសុទ្ធិ ជាខាងដើម ហេតុនោះ លោកពោលថា បឋមជ្ឈាន មានលំអខាងដើមផង បរិបូណ៌ដោយលក្ខណៈផង។
ID: 637362140207833788
ទៅកាន់ទំព័រ៖