ព្រះត្រៃបិដក ភាគ ៧០

 [៨២​] បឋមជ្ឈាន មានការ​រីករាយ​ព្រម​ជា​ខាងចុង​ តើ​ការ​រីករាយ​ព្រម ជា​ខាងចុង មាន​លក្ខណៈ​ប៉ុន្មាន​យ៉ាង។ ការ​រីករាយ​ព្រម ជា​ខាងចុង​ មាន​លក្ខណៈ ៤ យ៉ាងគឺ ការ​រីករាយ​ព្រម ដោយ​អត្ថ​ថា មិន​ប្រព្រឹត្ត​កន្លង​នូវ​ពួក​ធម៌​ដែល​កើត​ក្នុង​បឋមជ្ឈាន​នោះ​ ១ ការ​រីករាយ​ព្រម ដោយ​អត្ថ​ថា ឥន្ទ្រិយ​ទាំងឡាយ​មាន​រស​តែមួយ ១ ការ​រីករាយ​ព្រម ដោយ​អត្ថ​ថា​ នាំទៅ​នូវ​ព្យាយាម គួរ​ដល់​ឥន្ទ្រិយ​នោះ ១ ការ​រីករាយ​ព្រម ដោយ​អត្ថ​ថា​សេព ១ (ទាំង ៤ នេះ​) ឈ្មោះថា ការ​រីករាយ​ព្រម​ជា​ខាងចុង​របស់​បឋមជ្ឈាន នេះឯង​ការ​រីករាយ​ព្រម​ជា​ខាងចុង មាន​លក្ខណៈ​ ៤ យ៉ាង ហេតុ​នោះ លោក​ពោល​ថា បឋមជ្ឈាន មាន​លំអ​ខាងចុង​ផង បរិបូណ៌​ដោយ​លក្ខណៈ​ផង​ ចិត្ត​ដែល​ប្រព្រឹត្តទៅ​ក្នុង​វត្ត ៣ ប្រការ មាន​លំអ ៣ ប្រការ ដូច​ពោល​មក​ហើយ​យ៉ាងនេះ​ឯង​ រមែង​ជា​ចិត្ត​បរិបូណ៌​ដោយ​លក្ខណៈ ១០ យ៉ាងគឺ បរិបូណ៌​ដោយ​វិតក្កៈ ១ បរិបូណ៌​ដោយ​វិចារៈ ១ បរិបូណ៌​ដោយ​បីតិ ១ បរិបូណ៌​ដោយ​សុខៈ ១ បរិបូណ៌​ដោយ​អធិដ្ឋាន​ចិត្ត ១ បរិបូណ៌​ដោយ​សទ្ធា ១ បរិបូណ៌​ដោយ​វីរិយៈ ១ បរិបូណ៌​ដោយ​សតិ ១ បរិបូណ៌​ដោយ​សមាធិ ១ បរិបូណ៌​ដោយ​បញ្ញា ១។
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 637362140767124522
ទៅកាន់ទំព័រ៖