ព្រះត្រៃបិដក ភាគ ៧១
សុត្តន្តបិដក
ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ
តតិយភាគ
មហាវគ្គ មណ្ឌបេយ្យកថា
[១] ម្នាលភិក្ខុទាំងឡាយ កាលព្រះសាស្តាគង់នៅក្នុងទីចំពោះមុខ ព្រហ្មចរិយៈ នេះ ថ្លាគួរក្រេបផឹក កាលព្រះសាស្តាគង់នៅក្នុងទីចំពោះមុខ សភាពថ្លាមាន ៣ យ៉ាង គឺទេសនាថ្លា ១ អ្នកទទួលថ្លា ១ ព្រហ្មចរិយៈថ្លា ១។
ទេសនាថ្លា តើដូចម្តេច។ ការប្រាប់ ការសំដែង ការបញ្ញត្តិ ការតាំងទុក ការបើក ការវែកញែក ការធើ្វឲ្យរាក់នូវអរិយសច្ច ៤ ការប្រាប់ ការសំដែង ការបញ្ញត្តិ ការតាំងទុក ការបើក ការវែកញែក ការធើ្វឲ្យរាក់នូវសតិប្បដ្ឋាន ៤។បេ។ នូវសម្មប្ប ធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គមានអង្គ ៨ នេះទេសនាថ្លា។
អ្នកទទួលថ្លា តើដូចមេ្តច។ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា និងមនុស្ស ឬពួកជនដទៃណាមួយជាអ្នកដឹង នេះអ្នកទទួលថ្លា។
ID: 637640321913734558
ទៅកាន់ទំព័រ៖