ព្រះត្រៃបិដក ភាគ ៧១
វីរិយសម្ពោជ្ឈង្គ ថ្លាដោយការផ្គងឡើង សេចក្តីខ្ជិលជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងវីរិយសម្ពោជ្ឈង្គនោះឯណា នេះជាធម្មជាតគួរក្រេបផឹក បីតិសម្ពោជ្ឈង្គ ថ្លាដោយការផ្សាយទៅ សេចក្តីក្តៅក្រហាយ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងបីតិសម្ពោជ្ឈង្គនោះឯណា នេះជាធម្មជាតគួរក្រេបផឹក បស្សទ្ធិសម្ពោជ្ឈង្គ ថ្លាដោយការស្ងប់ ធម្មជាតជាទីតាំងនៃសេចក្តីអាក្រក់ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងបស្សទ្ធិសម្ពោជ្ឈង្គនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សមាធិសម្ពោជ្ឈង្គ ថ្លាដោយការមិនរាយមាយ ឧទ្ធច្ចៈជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសមាធិសម្ពោជ្ឈង្គនោះឯណា នេះជាធម្មជាតគួរក្រេបផឹក ឧបេក្ខាសម្ពោជ្ឈង្គ ថ្លាដោយការនឹករំពឹង ការមិននឹករំពឹង ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងឧបេក្ខាសម្ពោជ្ឈង្គនោះឯណា នេះជាធម្មជាតគួរក្រេបផឹក។
[៤] សម្មាទិដ្ឋិ ថ្លាដោយការឃើញ មិច្ឆាទិដ្ឋិ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសម្មាទិដ្ឋិនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សម្មាសង្កប្បៈ ថ្លាដោយការលើកចិត្តឡើង (កាន់អារម្មណ៍) មិច្ឆាសង្កប្បៈ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសម្មាសង្កប្បៈនោះឯណា នេះជាធម្មជាតគួរក្រេបផឹក
ID: 637640326015141927
ទៅកាន់ទំព័រ៖