ព្រះត្រៃបិដក ភាគ ៧១
សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលមិនញាប់ញ័រ ព្រោះសេចក្តីប្រហែលដោយគិតដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសតិពលៈ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសេចក្តីសុខចុះ បុគ្គលមិនញាប់ញ័រព្រោះឧទ្ធច្ចៈ ដោយគិតដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថា បុគ្គលនោះអប់រំហើយដោយសមាធិពលៈ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលមិនញាប់ញ័រ ព្រោះអវិជ្ជាដោយគិតដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថា បុគ្គលនោះអប់រំហើយ ដោយបញ្ញាពលៈ ពលៈទាំង ៥ នេះ ជាទីសេពរបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពលៈទាំង ៥ នេះ តែងសេព ពលៈទាំង ៥ នេះ ជាទីអប់រំរបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពលៈទាំង ៥ នេះ តែងអប់រំ ពលៈទាំង ៥ នេះ ជាទីធ្វើឲ្យច្រើន របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពលៈទាំង ៥ នេះ តែងធ្វើឲ្យច្រើន ពលៈទាំង ៥ នេះ ជាគ្រឿងប្រដាប់ របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពលៈទាំង ៥ នេះ ស្អិតស្អាងល្អហើយ
ID: 637641112971185532
ទៅកាន់ទំព័រ៖