ព្រះត្រៃបិដក ភាគ ៧១
វិរាគៈមានការណាយជាអារម្មណ៍ មានការណាយជាគោចរ ប្រកបក្នុងការណាយ ឋិតនៅក្នុងការណាយ តម្កល់ស៊ប់ក្នុងការណាយ។ ពាក្យថា វិរាគៈ បានដល់វិរាគៈ ២ យ៉ាង វិរាគៈ គឺនិព្វាន ១ វិរាគៈ គឺពួកធម៌ណាកើតហើយ ព្រោះមាននិព្វានជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងមានសេចក្តីណាយ ១ វិរាគៈជាមគ្គ ព្រោះអង្គទាំង ៧ ដែលកើតជាមួយគ្នា រមែងដល់នូវការណាយ ផ្លូវប្រកបដោយអង្គ ៨ ឈ្មោះថាមគ្គ ព្រោះព្រះពុទ្ធទាំងឡាយ និងសាវ័កទាំងឡាយ រមែងទៅកាន់ទិសដែលគេមិនធ្លាប់ទៅ គឺនិព្វាន ដោយសារមគ្គនុ៎ះ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាមគ្គដ៏ខ្ពង់ខ្ពស់ ប្រសើរ វិសេសវិសាល ឧត្តម ថ្លៃថ្លា ជាងមគ្គរបស់ពួកសមណព្រាហ្មណ៍ច្រើននាក់ ដែលប្រកាន់លទ្ធិដទៃទាំងអម្បាលម៉ាន ហេតុនោះ មគ្គប្រកបដោយអង្គ ៨ ប្រសើរជាងមគ្គទាំងឡាយ។
[៦៣] សម្មាទិដ្ឋិ មានការឃើញជាវិរាគៈ សម្មាសង្កប្បៈមានការលើកចិត្តឡើងជាវិរាគៈ សម្មាវាចា មានការកំណត់ជាវិរាគៈ សម្មាកម្មន្តៈ មានការខ្នះខ្នែងជាវិរាគៈ សម្មាអាជីវៈ មានការផូរផង់ជាវិរាគៈ សម្មាវាយាមៈ មានការផ្គងឡើងជាវិរាគៈ សម្មាសតិ មានការប្រុងប្រយ័ត្នជាវិរាគៈ សម្មាសមាធិ មានការមិនរាយមាយជាវិរាគៈ
ID: 637641118311966858
ទៅកាន់ទំព័រ៖