ព្រះត្រៃបិដក ភាគ ៧១
ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថាទុក្ខសមុទយអរិយសច្ច គឺតណ្ហា ជាធម្មជាតិនាំសត្វឲ្យកើតទៀត ប្រកបដោយសេចក្តីរីករាយ និងសេចក្តីត្រេកត្រអាល ជាធម្មជាតិនាំសត្វឲ្យត្រេកត្រអាល ក្នុងភពនោះ ៗ (ឬក្នុងអារម្មណ៍នោះ ៗ) បានដល់កាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថាទុក្ខនិរោធអរិយសច្ច គឺបានខាងនិព្វានធម៌ ជាសភាវៈនឿយណាយ និងការរលត់ មិនមានសេសសល់ ជាសភាវៈលះបង់ គ្រវែងចោល ជម្រុះចោល មិនអាល័យនូវតណ្ហានុ៎ះឯង។ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច បានខាងអរិយមគ្គប្រកបដោយអង្គ ៨ ប្រការនេះឯង គឺសេចក្តីឃើញត្រូវ ១។បេ។ ការតម្កល់ចិត្តត្រូវ ១។
[៧១] ម្នាលភិក្ខុទាំងឡាយ តថាគតមានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ឮក្នុងកាលមុនថា នេះជាទុក្ខអរិយសច្ច ដែលតថាគតគួរកំណត់ដឹង។បេ។
ID: 637641123099466849
ទៅកាន់ទំព័រ៖