ព្រះត្រៃបិដក ភាគ ៧១
មួយទៀត តថាគត មានទស្សនកិច្ច គឺការដឹង កើតឡើងដូច្នេះថា ចេតោវិមុត្តិ (អរហត្តផល) របស់តថាគត មិនកម្រើកទេ ជាតិនេះ ផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មីរបស់តថាគត មិនមានឡើយ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះហើយ បញ្ចវគ្គិយភិក្ខុ ក៏ត្រេកអររីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។
ក៏កាលដែលព្រះមានព្រះភាគ កំពុងសំដែងវេយ្យាករណ៍នេះ ធម្មចក្ខុ (សោតាបត្តិមគ្គ) ដ៏ប្រាសចាកធូលី គឺរាគាទិក្កិលេស ប្រាសចាកមន្ទិល គឺទិដ្ឋិ និងវិចិកិច្ឆា បានកើតហើយ ដល់កោណ្ឌញ្ញភិក្ខុមានអាយុថា ធម្មជាតណាមួយ មានការកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានការរលត់ទៅវិញជាធម្មតា។ សេចក្តីពិសេសថា កាលព្រះធម្មចក្រ ដែលព្រះមានព្រះភាគឲ្យប្រព្រឹត្តទៅ គឺទ្រង់សំដែងដូចគេបង្វិលកង់យ៉ាងនេះហើយ ភុម្មទេវតាទាំងឡាយ បានញុំាងសំឡេងឲ្យលាន់ឮឡើងដូច្នេះថា ព្រះធម្មចក្រនុ៎ះ មិនមានចក្រដទៃក្រៃលែងជាងទេ ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ជនណានីមួយក្តី ក្នុងលោក មិនអាចនឹងឲ្យប្រព្រឹត្តទៅបានឡើយ (ឥឡូវ) ព្រះមានព្រះភាគទ្រង់ឲ្យប្រព្រឹត្តទៅបានហើយ ក្នុងឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី។ ពួកទេវតានៅក្នុងឋានចាតុម្មហារាជិក ឮសំឡេងរបស់ពួកភុម្មទេវតា។បេ។
ID: 637641124512591828
ទៅកាន់ទំព័រ៖