ព្រះត្រៃបិដក ភាគ ៧១
ពួកទេវតានៅក្នុងឋានតាវត្តឹង្ស ពួកទេវតានៅក្នុងឋានយាមៈ ពួកទេវតានៅក្នុងឋានតុសិតៈ ពួកទេវតានៅក្នុងឋាននិម្មានរតី ពួក ទេវតានៅក្នុងឋានបរនិមិ្មតវសវត្តី ពួកទេវតាក្នុងព្រហ្ម បានញុំាងសំឡេងឲ្យលាន់ឮឡើងដូច្នេះថា ព្រះធម្មចក្រនុ៎ះ មិនមានចក្រដទៃក្រៃលែងជាងទេ ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ជនណានីមួយក្តី ក្នុងលោក មិនអាចនឹងឲ្យប្រព្រឹត្តទៅបានឡើយ (ឥឡូវ) ព្រះមានព្រះភាគ ទ្រង់ឲ្យប្រព្រឹត្តទៅបានហើយ ក្នុងឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី។
ក្នុងខណៈនោះ ក្នុងមួយស្របក់នោះ ក្នុងមួយរំពេចនោះ សំឡេង (កងរំពង) ក៏លាន់ឮឡើងទៅរហូតដល់ព្រហ្មលោក ដោយអាការលាន់ឮត ៗ គ្នានោះឯង។ ឯលោកធាតុទាំងមួយហ្មឺននេះ ក៏កក្រើក រំពើកញាប់ញ័រ ទាំងពន្លឺភ្លឺធំទូលាយ ប្រមាណមិនបាន កន្លងលើសទេវានុភាពរបស់ទេវតាទាំងឡាយ បានកើតប្រាកដឡើង ក្នុងលោក។
លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់បន្លឺនូវឧទានវាចាថា អើហ្ន៎ កោណ្ឌញ្ញៈ បានដឹងហើយ អើហ្ន៎ កោណ្ឌញ្ញៈ បានដឹងហើយ ព្រោះហេតុនោះ ពាក្យថា អញ្ញាកោណ្ឌញ្ញៈនេះឯង ក៏បានជាប់មកជានាមរបស់ព្រះកោណ្ឌញ្ញភិក្ខុមានអាយុ។
ID: 637641124815560574
ទៅកាន់ទំព័រ៖