ព្រះត្រៃបិដក ភាគ ៧១
ឈ្មោះថាធម្មចក្រ ព្រោះបញ្ញា ដោយអត្ថថាក្រៃលែងជាងធម៌ទាំងនោះ ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះវិមុត្តិ ដោយអត្ថថាជាខ្លឹម ជាធម៌ ទ្រង់ញុំាងធម៌នោះ ឲ្យប្រព្រឹត្តទៅ ឈ្មោះថាធម្មចក្រ ព្រោះអមតនិព្វាន ដោយអត្ថថាជាទីបំផុត (នៃកិច្ចក្នុងសាសនា) ជាធម៌ ទ្រង់ញុំាងធម៌នោះឲ្យប្រព្រឹត្តទៅ។
[៨៧] ចក្ខុកើតហើយ។បេ។ ពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ ឮក្នុងកាលមុនថា នេះជាទុក្ខអរិយសច្ច ដែលតថាគតគួរកំណត់ដឹង។បេ។ ថា នេះ ជាទុក្ខអរិយសច្ច ដែលតថាគតកំណត់ដឹងហើយ។ ពាក្យថា ចក្ខុកើតហើយ ដោយ អត្ថដូចម្តេច។បេ។ ពាក្យថា ពន្លឺកើតហើយ ដោយអត្ថដូចម្តេច។ ពាក្យថា ចក្ខុកើតហើយ ដោយអត្ថថាឃើញ។បេ។ ពាក្យថា ពន្លឺកើតហើយ ដោយអត្ថថាភ្លឺស្វាង។
ចក្ខុជាធម៌ សេចក្តីនៃការឃើញ ជាអត្ថ។បេ។ ពន្លឺជាធម៌ សេចក្តីនៃការណ៍ភ្លឺស្វាង ជាអត្ថ ធម៌ទាំង ៥ អត្ថទាំង ៥ នេះ មានទុក្ខជាទីតាំង មានសច្ចៈជាទីតាំង មានសច្ចៈជាអារម្មណ៍ មានសច្ចៈជាគោចរ សង្រ្គោះចូលក្នុងសច្ចៈ រាប់បញ្ចូលក្នុងសច្ចៈ រួបរួមចូលក្នុងសច្ចៈ ឋិតនៅក្នុងសច្ចៈ តាំងនៅស៊ប់ក្នុងសច្ចៈ។
ID: 637641142258553842
ទៅកាន់ទំព័រ៖