ព្រះត្រៃបិដក ភាគ ៧១

 សំនួរ​ត្រង់​ពាក្យ​ថា ធម្មចក្រ តើ​ធម្មចក្រ ដោយ​អត្ថ​ដូចម្តេច។ ឈ្មោះថា​ធម្មចក្រ ព្រោះ​ព្រះមានព្រះភាគ ទ្រង់​ញុំាង​ធម៌ និង​ចក្រ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​ញុំាង​ចក្រ និង​ធម៌​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​ឲ្យ​ប្រព្រឹត្ត ទៅ​ដោយ​ធម៌ ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​ធម្មចរិយា ឈ្មោះថា ធម្មចក្រ ព្រោះ​ទ្រង់​ឋិតនៅ​ក្នុង​ធម៌​ហើយ ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ ទ្រង់​តាំងនៅ​ស៊ប់​ក្នុង​ធម៌​ហើយ ឲ្យ​ប្រព្រឹត្តទៅ។បេ។ ឈ្មោះថា​ធម្មចក្រ ព្រោះ​អមត​និព្វាន ដោយ​អត្ថ​ថា​ជាទីបំផុត (នៃ​កិច្ច​ក្នុង​សាសនា) ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ ឲ្យ​ប្រព្រឹត្តទៅ។
 [៨៨] ចក្ខុ​កើត​ហើយ។បេ។ ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ ដែល​មិនធ្លាប់​ឮ ក្នុង​កាលមុន​ថា នេះ​ជា​ទុក្ខសមុទយ​អរិយសច្ច ចក្ខុ​កើត​ហើយ។បេ។ ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ​ដែល​មិនធ្លាប់​ឮក្នុង​កាលមុន​ថា នេះ​ជា​ទុក្ខសមុទយ​អរិយសច្ច ដែល​តថាគត​គួរ​លះបង់។បេ។ ថា​នេះ​ជា​ទុក្ខសមុទយ​អរិយសច្ច ដែល​តថា គត​លះបង់​ហើយ។ ពាក្យ​ថា ចក្ខុ​កើត​ហើយ ដោយ​អត្ថ​ដូចម្តេច។បេ។ ពាក្យ​ថា ពន្លឺ កើត​ហើយ ដោយ​អត្ថ​ដូចម្តេច។ ពាក្យ​ថា ចក្ខុ​កើត​ហើយ ដោយ​អត្ថ​ថា​ឃើញ។បេ។ ពាក្យ​ថា ពន្លឺ​កើត​ហើយ ដោយ​អត្ថ​ថា​ភ្លឺស្វាង។
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 637641142537303134
ទៅកាន់ទំព័រ៖