ព្រះត្រៃបិដក ភាគ ៧១

ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​ញុំាង​សត្វ​ឲ្យ​ដល់​នូវ​បារមី​ក្នុង​ធម៌ ទើប​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​កោតក្រែង​ចំពោះ​ធម៌ ទើប​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​មាន​ទង់ជ័យ​គឺ​ធម៌ ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​ញុំាង​ទង់ជ័យ​គឺ​ធម៌ ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ ទ្រង់​មានធម៌​ជា​អធិបតី ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ធម្មចក្រ បុគ្គល​ណា នីមួយ​ក្នុង​លោក ទោះជា​សមណៈ​ក្តី ព្រាហ្មណ៍​ក្តី ទេវតា​ក្តី មារ​ក្តី ព្រហ្ម​ក្តី មិន​អាច​ឲ្យ​ប្រព្រឹត្តទៅ​បានទេ ឈ្មោះថា​ធម្មចក្រ ព្រោះ​សទ្ធិន្ទ្រិយ​ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ ឲ្យ​ប្រព្រឹត្តទៅ។បេ។ ឈ្មោះថា​ធម្មចក្រ ព្រោះ​អមត​និព្វាន ដោយ​អត្ថ​ថា ជាទីបំផុត (នៃ​កិច្ច​ក្នុង​សាសនា) ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ។
 ចក្ខុ​កើត​ហើយ។បេ។ ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ​ដែល​មិនធ្លាប់​ឮក្នុង​កាលមុន​ថា នេះ ឥទ្ធិបាទ ប្រកបដោយ​វីរិយ​សមាធិ និង​បធាន​សង្ខារ ថា នេះ​ឥទ្ធិបាទ ប្រកបដោយ​វីរិយ​សមាធិ និង​បធាន​សង្ខារ ដែល​តថាគត​គួរ​ចម្រើន ចក្ខុ​កើត​ហើយ។បេ។ ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ ដែល​មិនធ្លាប់​ឮក្នុង​កាលមុន​ថា នេះ​ឥទ្ធិបាទ ប្រកបដោយ​វីរិយ​សមាធិ និង​បធាន​សង្ខារ ដែល​តថាគត​ចម្រើន​ហើយ។
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 637641144839959199
ទៅកាន់ទំព័រ៖