ព្រះត្រៃបិដក ភាគ ៧១

ឈ្មោះថា​វិបស្សនា​ពលៈ ព្រោះ​មិន​ញាប់ញ័រ ក្នុង​សេចក្តី​រីករាយ ដោយ​ការពិចារណា​ឃើញ ថា​គួរ​នឿយណាយ ឈ្មោះថា​វិបស្សនា​ពលៈ ព្រោះ​មិន​ញាប់ញ័រ​ក្នុង​រាគ ដោយ​ការពិចារណា​ឃើញ ថា​គួរ​រសាយ ឈ្មោះថា​វិបស្សនា​ពលៈ ព្រោះ​មិន​ញាប់ញ័រ​ក្នុង​ការ​កើតឡើង ដោយ​ការពិចារណា​ឃើញ​នូវ​ការ​រលត់ ឈ្មោះថា​វិបស្សនា​ពលៈ ព្រោះ​មិន​ញាប់ញ័រ​ក្នុង​សេចក្តី​ប្រកាន់ ដោយ​ការពិចារណា​ឃើញថា​គួរ​លះ ឈ្មោះថា​វិបស្សនា​ពលៈ ព្រោះ​មិន​ញាប់ញ័រ មិន​កម្រើក មិន​រំភើប ក្នុង​អវិជ្ជា​ផង ក្នុង​កិលេស​ដែល​កើត​រលត់​ជាមួយគ្នា​នឹង​អវិជ្ជា​ផង ក្នុង​ខន្ធ​ផង នេះ វិបស្សនា​ពលៈ។
 [៩៩] សេក្ខ​ពលៈ ១០ និង​អសេក្ខ​ពលៈ ១០ តើ​ដូចម្តេច។ ឈ្មោះថា​សេក្ខ​ពលៈ ព្រោះ​កំពុង​សិក្សា​នូវ​សម្មាទិដ្ឋិ ឈ្មោះថា​អសេក្ខ​ពលៈ ព្រោះ​ភាព​នៃ​បុគ្គល​ដែល​បាន សិក្សា​ហើយ ក្នុង​សម្មាទិដ្ឋិ​នោះ ឈ្មោះថា​សេក្ខ​ពលៈ ព្រោះ​កំពុង​សិក្សា​នូវ​សម្មាសង្កប្បៈ ឈ្មោះថា​អសេក្ខ​ពលៈ ព្រោះ​ភាព​នៃ​បុគ្គល​ដែល​បាន​សិក្សា​ហើយ ក្នុង​សម្មាសង្កប្បៈ​នោះ ឈ្មោះថា​សេក្ខ​ពលៈ ព្រោះ​កំពុង​សិក្សា​នូវ​សម្មាវាចា។បេ។ នូវ​សម្មា​កម្មន្តៈ នូវ​សម្មាអាជីវៈ​នូវ​សម្មា​វាយាមៈ នូវ​សម្មាសតិ នូវ​សម្មាសមាធិ នូវ​សម្មា​ញាណៈ។បេ។ នូវ​សម្មា​វិមុត្តិ ឈ្មោះថា​អសេក្ខ​ពលៈ ព្រោះ​ភាព​នៃ​បុគ្គល​ដែល​បាន​សិក្សា​ហើយ​ក្នុង​សម្មា​វិមុត្តិ នេះ សេក្ខ​ពលៈ ១០ អសេក្ខ​ពលៈ ១០។
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 637641150169646656
ទៅកាន់ទំព័រ៖