ព្រះត្រៃបិដក ភាគ ៧១
មួយទៀត ព្រះតថាគត ទ្រង់ជ្រាបច្បាស់តាមពិតនូវបដិបទា ជាដំណើរទៅកាន់ប្រយោជន៍ទាំងពួង ត្រង់ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់តាមពិតនូវបដិបទា ជាដំណើរទៅកាន់ប្រយោជន៍ទាំងពួង នេះឯងជាតថាគតពលៈ របស់ព្រះតថាគត ដែលជាពលៈ គឺព្រះតថាគត អាស្រ័យហើយ ទើបបេ្តជ្ញានូវឋានៈដ៏ប្រសើរ ទើបទ្រង់បន្លឺនូវសីហនាទ ក្នុងពួកបរិស័ទ ទើបទ្រង់ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។
មួយទៀត ព្រះតថាគតទ្រង់ជ្រាបច្បាស់តាមពិតនូវលោក មានធាតុច្រើន ឬមានធាតុផ្សេង ៗ ត្រង់ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់តាមពិតនូវលោក មានធាតុច្រើន ឬមានធាតុផ្សេង ៗ នេះឯងជាតថាគតពលៈ របស់ព្រះតថាគត។បេ។
មួយទៀត ព្រះតថាគតទ្រង់ជ្រាបច្បាស់តាមពិតនូវអធ្យាស្រ័យផ្សេង ៗ គ្នា របស់ពួកសត្វ ត្រង់ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់តាមពិតនូវអធ្យាស្រ័យផ្សេង ៗ គ្នា របស់ពួកសត្វ នេះឯង ជាតថាគតពលៈ របស់ព្រះតថាគត។បេ។
មួយទៀត ព្រះតថាគត ទ្រង់ជ្រាបច្បាស់តាមពិតនូវភាពនៃឥន្រ្ទិយទន់ខ្ចី និង ចាស់ក្លា របស់សត្វដទៃ របស់បុគ្គលដទៃ ត្រង់ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់តាមពិតនូវភាពឥន្ទ្រិយទន់ខ្ចី និងចាស់ក្លា របស់សត្វដទៃ របស់បុគ្គលដទៃ នេះឯង ជាតថាគតពលៈ របស់ព្រះតថាគត។បេ។
ID: 637641151744803523
ទៅកាន់ទំព័រ៖