ព្រះត្រៃបិដក ភាគ ៧១
ខាងក្រៅសូន្យ អាយតនៈទាំងពីរសូន្យ ធម្មជាតមានចំណែកស្មើគ្នាទាំងសូន្យ ធម្មជាតមានចំណែកខុសគ្នាទាំងសូន្យ ការស្វែងរកសូន្យ ការកំណត់សូន្យ ការបានចំពោះទាំងសូន្យ ការចាក់ធ្លុះសូន្យ ធម្មជាតដូចគ្នាទាំងសូន្យ ធម្មជាតផ្សេងគ្នាទាំងសូន្យ ខន្តិសូន្យ ការអធិដ្ឋានសូន្យ ការឈានចុះស៊ប់សូន្យ ការបង្អស់នូវការប្រព្រឹត្តិ របស់បុគ្គលអ្នកដឹងទាន់ ឈ្មោះថាសូន្យដ៏ក្រៃលែងជាងធម្មជាតសូន្យទាំងពួង។
[១០៦] ធម្មជាតត្រូវសូន្យ សូន្យ តើដូចម្តេច។ ចក្ខុសូន្យដោយខ្លួនផង ដោយវត្ថុជារបស់ខ្លួនផង ដោយការទៀងផង ដោយការពិតប្រាកដផង ដោយការទៀងទាត់ផង ដោយការមិនប្រែប្រួលជាធម្មតាផង ត្រចៀកសូន្យ។បេ។ ច្រមុះសូន្យ អណ្តាតសូន្យ កាយសូន្យ ចិត្តសូន្យ ដោយខ្លួនផង ដោយវត្ថុជារបស់ខ្លួនផង ដោយការទៀងផង ដោយការពិតប្រាកដផង ដោយការទៀងទាត់ផង ដោយការមិនប្រែប្រួលជាធម្មតាផង នេះ ធម្មជាតត្រូវសូន្យ សូន្យ។
[១០៧] សង្ខារសូន្យ តើដូចម្តេច។ សង្ខារ ៣ គឺបុញ្ញាភិសង្ខារ ១ អបុញ្ញាភិសង្ខារ ១ អនេញ្ជាភិសង្ខារ ១ បុញ្ញាភិសង្ខារ សូន្យ ដោយអបុញ្ញាភិសង្ខារផង ដោយអនេញ្ជាភិសង្ខារផង ឯអបុញ្ញាភិសង្ខារសូន្យ ដោយបុញ្ញាភិសង្ខារផង ដោយអនេញ្ជាភិសង្ខារផង អនេញ្ជាភិសង្ខារសូន្យ ដោយបុញ្ញាភិសង្ខារផង ដោយអបុញ្ញាភិសង្ខារផង នេះសង្ខារ ៣។ សង្ខារ ៣ ដទៃទៀត គឺកាយសង្ខារ ១ វចីសង្ខារ ១ ចិត្តសង្ខារ ១ កាយសង្ខារសូន្យ ដោយវចីសង្ខារផង ដោយចិត្តសង្ខារផង វចីសង្ខារសូន្យ ដោយកាយសង្ខារផង ដោយចិត្តសង្ខារផង ចិត្តសង្ខារសូន្យដោយកាយសង្ខារផង ដោយវចីសង្ខារផង នេះសង្ខារ ៣។
ID: 637641153423084235
ទៅកាន់ទំព័រ៖