ព្រះត្រៃបិដក ភាគ ៧១

 [១១៥] ធម្មជាត​រលាស់​ចេញ​ទាំង​សូន្យ តើ​ដូចម្តេច។ កាមច្ឆន្ទៈ គេ​រលាស់ ចេញ​ផង សូន្យ​ផង ដោយ​នេក្ខម្មៈ ព្យាបាទ គេ​រលាស់​ចេញ​ផង សូន្យ​ផង ដោយ អព្យាបាទ ថីនមិទ្ធៈ គេ​រលាស់​ចេញ​ផង សូន្យ​ផង ដោយ​អាលោក​សញ្ញា ឧទ្ធច្ចៈ គេ​រលាស់​ចេញ​ផង សូន្យ​ផង ដោយ​ការ​មិន​រាយមាយ វិចិកិច្ឆា គេ​រលាស់​ចេញ​ផង សូន្យ​ផង ដោយ​ការកំណត់​នូវ​ធម៌ អវិជ្ជា គេ​រលាស់​ចេញ​ផង សូន្យ​ផង ដោយ​ញាណ អរ​តិ គេ​រលាស់​ចេញ​ផង សូន្យ​ផង ដោយ​បា​មុ​ជ្ជៈ ពួក​នី​វរ​ណៈ គេ​រលាស់​ចេញ​ផង សូន្យ​ផង ដោយ​បឋមជ្ឈាន។បេ។ កិលេស​ទាំងអស់ គេ​រលាស់​ចេញ​ផង សូន្យ​ផង ដោយ​អរហត្តមគ្គ នេះ ធម្មជាត​រលាស់​ចេញ​ទាំង​សូន្យ។
 [១១៦] អាយតនៈ​ខាងក្នុង​សូន្យ តើ​ដូចម្តេច។ ចក្ខុ​ខាងក្នុង​សូន្យ ដោយខ្លួន​ផង ដោយ​វត្ថុជា​របស់​ខ្លួន​ផង ដោយ​ការ​ទៀង​ផង ដោយ​ការ​ឋិតថេរ​ផង ដោយ​ការ​ទៀងទាត់​ផង ដោយ​ការ​មិន​ប្រែប្រួល​ជា​ធម្មតា​ផង ត្រចៀក​ខាងក្នុង សូន្យ។បេ។ ច្រមុះ​ខាងក្នុង សូន្យ អណ្តាត​ខាងក្នុង សូន្យ កាយ​ខាងក្នុង សូន្យ ចិត្ត​ខាងក្នុង សូន្យ ដោយខ្លួន​ផង ដោយ​វត្ថុជា​របស់​ខ្លួន​ផង ដោយ​ការ​ទៀង​ផង ដោយ​ការ​ឋិតថេរ​ផង ដោយ​ការ​ទៀងទាត់​ផង ដោយ​ការ​មិន​ប្រែប្រួល​ជា​ធម្មតា​ផង នេះ​អាយតនៈ​ខាង ក្នុង​សូន្យ។
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 637641155815740493
ទៅកាន់ទំព័រ៖