ព្រះត្រៃបិដក ភាគ ៧១

នឹង​ប្រាជ្ញា​របស់​អនាគាមិ​បុគ្គល​ឡើយ អនាគាមិ​បុគ្គល ឈ្មោះថា​អ្នកមាន​បញ្ញា​មិន​ជិត បើ​ប្រៀបធៀប​នឹង​សកទាគាមិ​បុគ្គល ឯប្រាជ្ញា​របស់​អនាគា​មិន​បុគ្គល ឆ្ងាយ ឆ្ងាយ​កន្លង ឆ្ងាយ​ដាច់ស្រយាល មិន​ជិត មិន​នៅ​ក្បែរ​នឹង​ប្រាជ្ញា​របស់​អរហន្ត​ឡើយ អរហន្ត ឈ្មោះថា​អ្នកមាន​បញ្ញា​មិន​ជិត បើ​ប្រៀបធៀប​នឹង​អនាគាមិ​បុគ្គល ឯប្រាជ្ញា​របស់​អរហន្ត ឆ្ងាយ ឆ្ងាយ​កន្លង ឆ្ងាយ​ដាច់ស្រយាល មិន​ជិត មិន​នៅ​ក្បែរ​នឹង​ប្រាជ្ញា​របស់​ព្រះ​បច្ចេកពុទ្ធ​ឡើយ ព្រះ​បច្ចេកពុទ្ធ ឈ្មោះថា​អ្នកមាន​បញ្ញា​មិន​ជិត បើ​ប្រៀបធៀប​នឹង​ព្រះអរហន្ត ចំណែក​ព្រះ​តថាគត​អរហន្ត​សម្មាសម្ពុទ្ធ ព្រះអង្គ​ប្រសើរ​ផុត ឈ្មោះថា​អ្នកមាន​បញ្ញា​មិន​ជិត បើ​ប្រៀបធៀប​នឹង​ព្រះ​បច្ចេកពុទ្ធ​ផង និង​មនុស្សលោក ព្រមទាំង​ទេវលោក​ផង ទ្រង់​ឈ្លាស​ក្នុង​ប្រភេទ​នៃ​ប្រាជ្ញា​មាន​ញាណ​បែកធ្លាយ​ហើយ ចាក់ធ្លុះ​នូវ​បដិសម្ភិទា សម្រេច​នូវ​ចតុ​វេ​សា​រជ្ជ​ញ្ញាណ ទ្រទ្រង់នូវ​កំឡាំង ១០ ជា​បុរស​អាស​ភៈ ជា​បុរស​សីហៈ ជា​បុរស​នា​គៈ ជា​បុរស​អាជានេយ្យ ជា​បុរស​គួរ​ដើម្បី​នាំ​នូវ​ធុរៈ មាន​ញាណ​មិន​មាន​ទីបំផុត មាន​តេជះ​មិន​មាន​ទីបំផុត មានយស​មិន​មាន​ទីបំផុត
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 637641164832146738
ទៅកាន់ទំព័រ៖