ព្រះត្រៃបិដក ភាគ ៧១

ព្រះអង្គ​ស្តុកស្តម្ភ មានទ្រព្យ​ច្រើន មាន​ធនធាន​ច្រើន ទ្រង់​ជា​អ្នកណែនាំ ពន្យល់ ដឹកនាំ ប្រញ័ប្ត ពិនិត្យមើល សំឡឹង​មើល ញុំាង​បុគ្គល​ដទៃ​ឲ្យ​ជ្រះថ្លា ព្រោះថា ព្រះមានព្រះភាគ​អង្គ​នោះ ទ្រង់​ញុំាង​មគ្គ​ដែល​មិនទាន់​កើត ឲ្យ​កើតឡើង ញុំាង​មគ្គ​ដែល​មិនទាន់​ដុះដាល ឲ្យ​ដុះដាល​ឡើង ទ្រង់​ជា​អ្នក​ប្រាប់ផ្លូវ ដែលគេ​មិនដែល​ប្រាប់ ទ្រង់​ជ្រាប​ផ្លូវ យល់​ផ្លូវ ឈ្លាស​ក្នុង​ផ្លូវ ឯ​ពួក​សាវ័ក ក្នុង​កាល​ឥឡូវនេះ គ្រាន់តែ​ដើរទៅ​តាមផ្លូវ ជា​អ្នកដើរ​ទៅតាម​ក្រោយ​ទេ ព្រះមានព្រះភាគ​អង្គ​នោះ ទ្រង់​ជ្រាប​ហេតុ​ដែល​គួរ​ជ្រាប ទ្រង់​ឃើញ​ហេតុ​ដែល​គួរ​ឃើញ ទ្រង់​មាន​ចក្ខុ មាន​ញាណ មានធម៌ ជា​បុគ្គល​ដ៏​ប្រសើរ ទ្រង់​ពោល ទ្រង់​បង្ហើប ទ្រង់​បង្ហាញ​នូវ​ប្រយោជន៍ ទ្រង់ប្រទាន​នូវ​អមត​និព្វាន ជា​ម្ចាស់​ហេតុ​ធម៌ ជា​ព្រះ​តថាគត។ ធម្មជាត​ដែល​ព្រះមានព្រះភាគ​នោះ មិនបាន​ដឹង មិនបាន​ឃើញ មិនបាន​ជ្រាប មិនបាន​ធ្វើឲ្យ​ជាក់ច្បាស់ មិនបាន​ប៉ះពាល់​ហើយដោយ​ប្រាជ្ញា មិន​មាន​ឡើយ ធម៌​ទាំងពួង​ដែល​អាស្រ័យ​នូវ​ហេតុ ជា​អតីត អនាគត និង​បច្ចុប្បន្ន រមែង​មកកាន់​គន្លង ចំមុខ​ព្រះ​ញាណ​របស់​ព្រះពុទ្ធ​មានជោគ ដោយ​អាការ​ទាំងពួង។
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 637641165045428055
ទៅកាន់ទំព័រ៖