ព្រះត្រៃបិដក ភាគ ៧១

ធម្មជាត​ណាមួយ ឈ្មោះថា​គួរ​ដឹង ព្រោះ​អាស្រ័យ​អត្ថ និង​ធម៌ ដែលគេ​គប្បី​ដឹង គឺ​ប្រយោជន៍​ខ្លួន ប្រយោជន៍​បុគ្គល​ដទៃ ឬប្រយោជន៍​ទាំងពីរ ប្រយោជន៍​ក្នុង​បច្ចុប្បន្ន ឬប្រយោជន៍​ក្នុង​បរលោក ប្រយោជន៍​រាក់ ឬប្រយោជន៍​ជ្រាលជ្រៅ ប្រយោជន៍​ដែលគេ​លាក់ ឬប្រយោជន៍​កំបាំង ប្រយោជន៍​គួរ​ណែនាំ ឬប្រយោជន៍​ដែល​ត្រូវ​ទូន្មាន ប្រយោជន៍​ឥត​ទោស ប្រយោជន៍​មិន​មាន​កិលេស ប្រយោជន៍​ផូរផង់ ឬប្រយោជន៍​ដ៏​ក្រៃលែង ធម្មជាត​ទាំងអស់​នោះ ប្រព្រឹត្តទៅ​ខាងក្នុង​នៃ​ពុទ្ធញ្ញាណ។ កាយ​កម្ម​ទាំងអស់ ប្រព្រឹត្តទៅ​តាម​ញាណ​របស់​ព្រះពុទ្ធ វចីកម្ម​ទាំងអស់ ប្រព្រឹត្តទៅ​តាម​ញាណ​របស់​ព្រះពុទ្ធ មនោ​កម្ម​ទាំងអស់ ប្រព្រឹត្តទៅ​តាម​ញាណ​របស់​ព្រះពុទ្ធ ញាណ​របស់​ព្រះពុទ្ធ មិន​មាន​អ្វី​រារាំង​ក្នុង​អតីតកាល ញាណ​របស់​ព្រះពុទ្ធ មិន​មាន​អ្វី​រារាំង​ក្នុង​អនាគតកាល ញាណ​របស់​ព្រះពុទ្ធ​មិន​មាន​អ្វី​រារាំង​ក្នុង​បច្ចុប្បន្ន​កាល ហេតុការណ៍​ដែល​ត្រូវ​ដឹង មានកំណត់​ត្រឹមណា ញាណ​ក៏​មានកំណត់​ត្រឹមនោះ ញាណ​មានកំណត់​ត្រឹមណា ហេតុការណ៍​ដែល​ត្រូវ​ដឹង ក៏​មានកំណត់​ត្រឹមនោះ ញាណ​មានហេតុ​ដែល​ត្រូវ​ដឹង​ជាទីបំផុត ហេតុ​ដែល​ត្រូវ​ដឹង ក៏​មាន​ញាណ​ជាទីបំផុត
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 637641165271521731
ទៅកាន់ទំព័រ៖