ព្រះត្រៃបិដក ភាគ ៧១
ជ្រាបនូវអនុសយធម៌ ជ្រាបនូវចរិយា ជ្រាបនូវអធ្យាស្រ័យរបស់ពួកសត្វទាំងអស់ ជ្រាបច្បាស់នូវពួកសត្វដែលមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្ទ្រិយចាស់ក្លា មានឥន្រ្ទិយទន់ខ្ចី មានអាការល្អ មានអាការអាក្រក់ គួរឲ្យត្រាស់ដឹងបានដោយងាយ គួរឲ្យត្រាស់ដឹងបានដោយក្រ មានភ័ព្វ និងឥតភ័ព្វ។ លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស រមែងប្រព្រឹត្តទៅខាងក្នុងនៃពុទ្ធញ្ញាណ ពួកត្រី និងអណ្តើកណាមួយ ដោយហោចទៅ រាប់យកទាំងត្រីឈ្មោះតិមិតិមិង្គលៈ រមែងប្រព្រឹត្តទៅក្នុងខាងក្នុងនៃមហាសមុទ្រ យ៉ាងណាមិញ លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស រមែងប្រព្រឹត្តទៅខាងក្នុងនៃពុទ្ធញ្ញាណ ក៏យ៉ាងនោះដែរ ពុំនោះសោត ពួកសត្វស្លាបណាមួយ ដោយទីបំផុតទៅ រាប់យកទាំងសត្វគ្រុឌឈ្មោះវេនតេយ្យ រមែងវិលវល់នៅក្នុងប្រទេសនៃអាកាស យ៉ាងណាមិញ ជនទាំងឡាយណា មានប្រាជ្ញាស្មើនឹងព្រះសារីបុត្ត ជនទាំងនោះ រមែងប្រព្រឹត្តទៅក្នុងប្រទេសនៃពុទ្ធញ្ញាណ ក៏យ៉ាងនោះឯង។
ID: 637641165752928364
ទៅកាន់ទំព័រ៖