ព្រះត្រៃបិដក ភាគ ៧១
ភវគាមិកម្មទាំងអស់ជាសត្រូវ ប្រាជ្ញាជាគ្រឿងញាំញីនូវភវគាមិកម្មជាសត្រូវនោះ។ ប្រថពី លោកហៅថាផែនដី ឈ្មោះថាបញ្ញាដូចផែនដី ព្រោះបុគ្គលប្រកបព្រមដោយប្រាជ្ញា ផ្សាយចេញទូលាយ ស្មើដោយផែនដីនោះ ម្យ៉ាងទៀត ពាក្យថា ផែនដីនេះ ជាឈ្មោះនៃប្រាជ្ញា ឈ្មោះថាបញ្ញាដូចផែនដី ព្រោះបញ្ញាជាគ្រឿងទំលាយនូវកិលេស ជាគ្រឿងណែនាំ។ នេះឯង បញ្ញាដូចផែនដី ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដូចផែនដី។
[១៤២] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពច្រើនដោយប្រាជ្ញា តើភាពច្រើនដោយប្រាជ្ញា ដូចម្តេច។ បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកធ្ងន់ដោយប្រាជ្ញា មានប្រាជ្ញាជាចរិត មានប្រាជ្ញាជាអធ្យាស្រ័យ មានប្រាជ្ញាជាអធិមុត្តិ មានប្រាជ្ញាជាទង់ មានប្រាជ្ញាជាទង់ជ័យ មានប្រាជ្ញាជាអធិបតី ច្រើនដោយការពិចារណា ច្រើនដោយការពិនិត្យ ច្រើនដោយការស្ទាបស្ទង់មើល ច្រើនដោយការរិះរេមើល មានការរិះរេមើលជាធម្មតា មានធម៌ជាគ្រឿងនៅប្រាកដជាចរិត ធ្ងន់ដោយប្រាជ្ញានោះ ច្រើនដោយប្រាជ្ញានោះ ឱនទៅរកប្រាជ្ញានោះ ទោរទៅរកប្រាជ្ញានោះ ឈមទៅរកប្រាជ្ញានោះ ចុះចិត្តស៊ប់ក្នុងប្រាជ្ញានោះ មានប្រាជ្ញានោះជាអធិបតី
ID: 637641166585740497
ទៅកាន់ទំព័រ៖