ព្រះត្រៃបិដក ភាគ ៧១
បុគ្គលអ្នកធ្ងន់ក្នុងពួក គេហៅថា អ្នកច្រើនដោយពួក បុគ្គលអ្នកធ្ងន់ក្នុងចីវរ គេហៅថា អ្នកច្រើនដោយចីវរ បុគ្គលអ្នកធ្ងន់ក្នុងបាត្រ គេហៅថា អ្នកច្រើនដោយបាត្រ បុគ្គលអ្នកធ្ងន់ក្នុងសេនាសនៈ គេហៅថា អ្នកច្រើនដោយសេនាសនៈ យ៉ាងណា បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកធ្ងន់ដោយប្រាជ្ញា មានប្រាជ្ញាជាចរិត មានប្រាជ្ញាជាអធ្យាស្រ័យ មានប្រាជ្ញាជាអធិមុត្តិ មានប្រាជ្ញាជាទង់ មានប្រាជ្ញាជាទង់ជ័យ មានប្រាជ្ញាជាអធិបតី ច្រើនដោយការពិចារណា ច្រើនដោយការរិះរេមើល មានការរិះរេមើលជាធម្មតា មានធម៌ជាគ្រឿងនៅប្រាកដជាចរិត ធ្ងន់ក្នុងប្រាជ្ញានោះ ច្រើនដោយប្រាជ្ញានោះ ឱនទៅរកប្រាជ្ញានោះ ទោរទៅរកប្រាជ្ញានោះ ឈមទៅរកប្រាជ្ញានោះ ចុះចិត្តស៊ប់ក្នុងប្រាជ្ញានោះ មានប្រាជ្ញានោះជាអធិបតី ក៏យ៉ាងនោះដែរ។ នេះឯង ភាពច្រើនដោយបញ្ញា ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពច្រើន ដោយប្រាជ្ញា។
[១៤៣] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដ៏ឆាប់ តើបញ្ញាដ៏ឆាប់ដូចម្តេច។ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងសីលឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងឥន្រ្ទិយសំវរៈឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងសេចក្តីដឹងប្រមាណ ក្នុងភោជនឲ្យពេញលេញឆាប់ ៗ
ID: 637641166897459311
ទៅកាន់ទំព័រ៖