ព្រះត្រៃបិដក ភាគ ៧១
ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងអរិយមគ្គឲ្យចម្រើនឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះធ្វើឲ្យជាក់ច្បាស់នូវសាមញ្ញផលឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះចាក់ធ្លុះនូវអភិញ្ញាឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះធ្វើឲ្យជាក់ច្បាស់នូវប្រយោជន៍ក្រៃលែង គឺនិព្វានឆាប់ៗ។ នេះបញ្ញាដ៏ឆាប់ ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាដ៏ឆាប់។
[១៤៤] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញារហ័ស តើបញ្ញារហ័ស ដូចម្តេច។ ឈ្មោះថាបញ្ញារហ័ស ព្រោះញុំាងសីលឲ្យពេញលេញរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះញុំាងឥន្រ្ទិយសំវរៈ ឲ្យពេញលេញរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះញុំាងសេចក្តីដឹងប្រមាណក្នុងភោជន ឲ្យពេញលេញរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះញុំាងការប្រកបរឿយ ៗ ក្នុងសេចក្តីភ្ញាក់រលឹក ឲ្យពេញលេញរហ័ស ៗ ឈ្មោះថា បញ្ញារហ័ស ព្រោះញុំាងសីលក្ខន្ធ។បេ។ សមាធិក្ខន្ធ បញ្ញាក្ខន្ធ វិមុត្តិក្ខន្ធ វិមុត្តិញ្ញាណទស្សនក្ខន្ធ ឲ្យពេញលេញរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះចាក់ធ្លុះនូវហេតុ និងមិនមែនហេតុរហ័ស ៗ ឈ្មោះថាបញ្ញារហ័ស ព្រោះញុំាងវិហារសមាបត្តិឲ្យពេញលេញរហ័ស ៗ
ID: 637641167455740546
ទៅកាន់ទំព័រ៖