ព្រះត្រៃបិដក ភាគ ៧១
ការប្រហែសធ្វេស កិលេសទាំងអស់ ទុច្ចរិតទាំងអស់ អភិសង្ខារទាំងអស់។បេ។ ភវគាមិកម្មទាំងអស់ ដែលកើតឡើងហើយ ឈ្មោះថាបញ្ញាដ៏មុត ព្រោះអរិយមគ្គ ៤ សាមញ្ញផល ៤ បដិសម្ភិទា ៤ និងអភិញ្ញា ៦ ជាគុណជាតិដែលបុគ្គលចាក់ធ្លុះ ធ្វើឲ្យជាក់ច្បាស់ ពាល់ត្រូវហើយដោយប្រាជ្ញាក្នុងអាសនៈមួយ នេះឯង បញ្ញាដ៏មុត ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដ៏មុត។
[១៤៨] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាជាគ្រឿងទំលុះទំលាយ តើបញ្ញាជាគ្រឿងទំលុះទំលាយ ដូចម្តេច។ ឈ្មោះថាបញ្ញាជាគ្រឿងទំលុះទំលាយ ព្រោះបុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកច្រើនដោយសេចក្តីរន្ធត់ ច្រើនដោយសេចក្តីតក់ស្លុត ច្រើនដោយសេចក្តីអផ្សុក ច្រើនដោយសេចក្តីមិនត្រេកអរ ច្រើនដោយសេចក្តីនឿយណាយក្នុងសង្ខារទាំងពួង មានមុខងាកចេញក្រៅ មិនត្រេកអរក្នុងសង្ខារទាំងពួង រមែងទំលុះទំលាយនូវគំនរលោភៈ ដែលខ្លួនមិនធ្លាប់ទំលុះ មិនធ្លាប់ទំលាយហើយ ឈ្មោះថាបញ្ញាជាគ្រឿងទំលុះទំលាយ ព្រោះទំលុះទំលាយនូវគំនរទោសៈ ដែលខ្លួនមិនធ្លាប់ទំលុះ មិនធ្លាប់ទំលាយហើយ
ID: 637641169277928281
ទៅកាន់ទំព័រ៖