ព្រះត្រៃបិដក ភាគ ៧១

ឈ្មោះថា​បញ្ញា​ជា​គ្រឿង​ទំ​លុះ​ទំ​លាយ ព្រោះ​ទំ​លុះ​ទំ​លាយ​នូវ​គំនរ​មោហៈ ដែល​ខ្លួន​មិនធ្លាប់​ទំ​លុះ មិនធ្លាប់​ទំ​លាយ​ហើយ ឈ្មោះថា​បញ្ញា​ជា​គ្រឿង​ទំ​លុះ​ទំ​លាយ ព្រោះ​ទំ​លុះ​ទំ​លាយ​នូវ​ក្រោធ។បេ។ នូវ​ការ​ចងក្រោធ​ទុក ការ​លុបគុណ​គេ ការ​វាយឫក​ស្មើ ឫស្យា កំណាញ់ ការ​លាក់ពុត ការ​អួតអាង ការ​រឹងត្អឹង ការ​ប្រណាំងប្រជែង ការ​ប្រកាន់ ការ​មើលងាយ ការ​ស្រវឹង ការ​ប្រហែសធ្វេស កិលេស​ទាំងអស់ ទុច្ចរិត​ទាំងអស់ អភិសង្ខារ​ទាំងអស់។បេ។ ភវ​គាមិ​កម្ម​ទាំងអស់ ដែល​ខ្លួន​មិនធ្លាប់​ទំ​លុះ មិនធ្លាប់​ទំ​លាយ​ហើយ នេះ​បញ្ញា​ជា​គ្រឿង​ទំ​លុះ​ទំ​លាយ ក្នុង​ពាក្យ​ថា ប្រព្រឹត្តទៅ​ដើម្បី​ភាព​នៃ​បញ្ញា​ជា​គ្រឿង​ទំ​លុះ​ទំ​លាយ នេះ បញ្ញា ១៦។
 [១៤៩] បុគ្គល​ប្រកបដោយ​ប្រាជ្ញា​ទាំង ១៦ នេះ ឈ្មោះថា​អ្នក​ដល់​នូវ​បដិសម្ភិទា។ បុគ្គល​អ្នក​ដល់​នូវ​បដិសម្ភិទា មាន ២ ពួក គឺ​ពួក​មួយ​បរិបូណ៌​ដោយ​បុព្វយោគ (ការ​ប្រកប​ក្នុង​កាលមុន) ពួក​មួយ​មិន​បរិបូណ៌​ដោយ​បុព្វយោគ បុគ្គល​ណា បរិបូណ៌ ដោយ​បុព្វយោគ បុគ្គល​នោះ​ជា​អ្នក​លើសលុប ជា​អ្នក​ក្រៃលែង ជា​អ្នក​វិសេស​ជាង​បុគ្គល​មួយ​ពួក​នោះ ញាណ​របស់​បុគ្គល​នោះ បែកធ្លាយ​ជាង នេះ​បុគ្គល​អ្នក​ដល់​នូវ​បដិសម្ភិទា​ពីរ​ពួក។ ឯបុគ្គល​អ្នក​បរិបូណ៌​ដោយ​បុព្វយោគ មាន ២ ពួក
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 637641169536209847
ទៅកាន់ទំព័រ៖