ព្រះត្រៃបិដក ភាគ ៧១
ហេតុនោះ ឈ្មោះថាចិត្តមិនញាប់ញ័រ ១ នេះមូល ១៦ របស់ឫទ្ធិ ប្រព្រឹត្តទៅដើម្បីបាននូវឫទ្ធិ ដើម្បីបានចំពោះនូវឫទ្ធិ ដើម្បីធ្វើឲ្យប្លែកនូវឫទ្ធិ ដើម្បីបង្ហូរទៅនៃឫទ្ធិ ដើម្បីភាពនៃការស្ទាត់ជំនាញក្នុងឫទ្ធិ ដើម្បីសេចក្តីក្លៀវក្លាក្នុងឫទ្ធិ។
[១៥៦] ឫទ្ធិ គឺការអធិដ្ឋាន តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ តាក់តែងនូវឫទ្ធិបានច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាម្នាក់វិញក៏បាន ដើរ (ទំលុះ) ទៅកាន់ទីវាល ទីខាងក្រៅ ទីក្រៅជញ្ជាំង ទីក្រៅកំពែង ទីក្រៅភ្នំ ឥតមានទើសទាក់ ដូចគេដើរក្នុងអាកាសក៏បាន ធ្វើនូវការងើបមុជក្នុងផែនដី ដូចគេងើបមុជក្នុងទឹកក៏បាន ដើរលើទឹកឥតមានបែកធ្លាយ ដូចគេដើរលើផែនដីក៏បាន ទៅទាំងភ្នែនក្នុងអាកាស ដូចបក្សីសកុណជាតិក៏បាន យកដៃស្ទាបអង្អែលនូវព្រះចន្រ្ទ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះក៏បាន ញុំាងអំណាចឲ្យប្រព្រឹត្តទៅទាំងកាយ រហូតដល់ព្រហ្មលោកក៏បាន។
ID: 637641172018396642
ទៅកាន់ទំព័រ៖